នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីកាប់ប្រហារលើបុរសម្នាក់ នៅក្រុងព្រះវិហារ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកស្វាយទាប

នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីកាប់ប្រហារលើបុរសម្នាក់ នៅក្រុងព្រះវិហារ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកស្វាយទាប

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ព្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវ តាមនីតិវិធី និងជំនាញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អូន សំអៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស ស្ថិតក្នុង ភូមិដើមពោធិ៍ ឃុំកន្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។


ជនសង្ស័យខាងលើ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិកំពង់ចម្លង ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ទៅលើជនរងគ្រោះឈ្មោះ មាស សំអឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ មាស សំអឿន បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារពិតប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះឆាតមកហៅសង្សារខ្លួនផឹកស្រា ទើបធ្វើឲ្យខ្លួនមានការប្រច័ណ្ឌ រួចក៏បានធ្វើសកម្មភាពខាងលើ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កសាងសំណុំរឿងតាមនីតិវិធីបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles