ភ្នំពេញ «ព័ត៌មានបឋម» ៖ នារីម្នាក់តែងខ្លួនជាបុរស (ហៅកាត់LB Lesbian) បានជិះម៉ូតូ Suzuki Let’s ស្លាកលេខភ្នំពេញ 1FL-5214 ក្នុងល្បឿនលឿន សង្ស័យទៅបុករបាំងថ្មទ្រូងផ្លូវ ខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ នៅផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣:៣០នាទីទៀបភ្លឺ ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។

ករណីនេះ កម្លាំងប៉ុស្តិ៍នគរបាលព្រែកកំពឹស សហការជាមួយកម្លាំងចរាចរណ៍ខណ្ឌដង្កោ ចុះធ្វើការវាស់វែង រួចយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅវិញ។ រីឯសពបានទាក់ទងរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកដង្កោ មកដឹករង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


