ត្រាំ​សម្រេច​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ពី​ហាវើត​ព្រោះ​ប្រឆាំង​នយោបាយ​របស់​គាត់

ត្រាំ​សម្រេច​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ពី​ហាវើត​ព្រោះ​ប្រឆាំង​នយោបាយ​របស់​គាត់

ទី​ក្រុង​វ៉ាស៊ីនតោន៖ សាកល​វិទ្យាល័យ​ហាវើត​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ​នៅ​ពេល​លោក​ត្រាំ​ហាក់​ដូច​ជា​បង្ហាញ​អារម្មណ៍​ចង់​ចាញ់​ចង់​ឈ្នះ​ជាមួយ​នឹង​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​មួយ​នេះ​យ៉ាង​ខ្លាំង​។ ថ្ងៃ​នេះ រដ្ឋាភិបាល​របស់​លោកសម្រេច​ចិត្ត​​​កាត់​ផ្ដាច់​រាល់​កម្ម​វិធី​តូច​-​ធំ​ទាំង​អស់​ជា​ស្ថា​ពរ​ជា​មួយ​ហាវើត​ ជា​ពិសេស​កិច្ច​សន្យា​ពាក់​ព័ន្ធ​នឹង​ហិរញ្ញ​ប្បទាន​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​។

រដ្ឋា​ភិបាល​អាមេរិក​ធ្វើ​ដល់​ថ្នាក់​នេះ​ជា​លក្ខណៈ​កាត់​ផ្ដាច់​សរ​សៃ​ឈាម​របស់​ហាវើត​ និង​ចង់​ឱ្យ​ហាវើត​លុត​ជង្គង់​សូម​ចុះ​ចាញ់​តែ​ម្ដង​។ បន្ទាប់​ពី​ហាវើត​ចេញ​មុខ​ប្រឆាំង​នឹង​នយោ​បាយ​របស់​ត្រាំ លោក​បាន​កាត់​ផ្ដាច់​ប្រាក់​ជំនួយ​ជាង​២​ពាន់​លាន​ដុល្លារ។​ ក្រោយ​មក​ផ្ដាច់​ជាង​៤៥០​លាន​ដុល្លារ​ថែម​ទៀត​។ មិន​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​បញ្ជា​ឱ្យ​ហាវើត​ឈប់​ទទួល​និស្សិត​បរទេស​ឱ្យ​ចូល​រៀន​នៅ​ក្នុង​សាលា​របស់​ខ្លួន​ត​ទៅ​ទៀត​។ គ្រាន់​តែ​ថា​ចៅ​ក្រម​បាន​ធ្វើ​អន្តរាគមន៍ និង​ព្យួរ​ទុក​បទ​បញ្ជា​នេះ​។​

យោង​តាម​មន្ត្រី​ដែល​ស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ​រូប​នោះ រដ្ឋាភិបាល​នឹង​ផ្ញើ​លិខិត​រំលឹក​មួយ​ច្បាប់​ទៅ​ស្ថាប័ន​ចំណុះ​របស់​ខ្លួន​ទាំង​អស់​ដើម្បី​ពិនិត្យ​សើរើ​ឡើង​វិញ​ថា​តើ​មាន​នៅ​សេស​សល់​កិច្ច​សន្យា​ប៉ុន្មាន​អី​ប៉ុន្មាន​ជា​មួយ​ហាវើត​។ ពួក​គេ​ត្រូវ​​​ពិនិត្យ​ថា​​តើ​ត្រូវ​​ផ្ដាច់​កុង​ត្រា​ចោល ឬ​ត្រូវ​ផ្ទេរ​ទៅ​កន្លែង​ណា​ផ្សេង​ដើម្បី​កុំ​ឱ្យ​ហាវើត​ និង​ស្ថាប័ន​របស់​រដ្ឋ​ជំពាក់​វាក់​វិន​គ្នា​ត​ទៅ​ទៀត​។

ការ​ផ្ដាច់​កុង​ត្រា​លើក​នេះ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​មាន​ទំហំ​ទឹក​ប្រាក់​ប្រហែល​មួយ​រយ​លាន​ដុល្លារ​ និង​ជា​ការ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ផ្នែក​ហិរញ្ញ​វត្ថុ​ទាំង​ស្រុង​រវាង​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ និង​សាកល​វិទ្យាល័យ​ហាវើត​ក្នុង​នាម​ជា​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​អាមេរិក​ (៣៨៨​ឆ្នាំ​) និង​ក៏​ជា​មជ្ឈ​មណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​ដ៏​ធំ​ប្រៀប​បាន​នឹង​ឃ្លាំង​ចំណេះ​ដឹង​ដ៏​មហា​សាល​របស់​ពិភព​លោក​។

លោក​ត្រាំ​ហាក់​ដូច​ជា​មាន​កំហឹង​ជា​មួយ​ហាវើត​យ៉ាង​ខ្លាំង។​​ បើ​ទុក​ជា​ពួក​និស្សិត​ហែ​បាតុកម្ម​ប្រឆាំង​នឹង​យុទ្ធ​នា​ការ​យោធា​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​ក៏​សាកល​វិទ្យាល័យ​​ដទៃ​ទៀត​​មាន​ចលនា​​បាតុ​កម្ម​បែប​នេះ​ដូច​តែ​គ្នា​​ទេ​។ ប៉ុន្តែ​ត្រាំ​ហាក់​ដូច​ជា​ចង់​រក​រឿង​ហាវើត​ខ្លាំង​ជាង​គេ​។ ជួន​កាល​មជ្ឈដ្ឋាន​ខាង​ក្រៅ​មិន​អាច​ដឹង​​ឱ្យ​អស់​សេច​ក្ដី​ថា​តើ​មាន​រឿង​រ៉ាវ​អាថ៌​កំបាំង​អ្វី​ខ្លះ​នៅ​ពី​ក្រោយវាំង​នន​ខ្មៅ​។

​ប៉ុន្តែ​សាកល​វិទ្យា​ធិការ​សាកល​វិទ្យាល័យ​ហាវើត​បាន​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​​ថា​ស្ថាប័ន​១​​នេះ​នឹង​តស៊ូ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ក៏មិន​អាច​លុត​ជង្គង់​ចុះ​ចាញ់​ ឬ​អង្វរ​ត្រាំ​ជា​ដាច់​ខាត​។​ រដ្ឋាភិបាល​លោក​ត្រាំ​បាន​ចោទ​ប្រកាន់ថា​ហាវើត​​បណ្ដោយ​ឱ្យ​​មាន​ចលនា​​​ប្រឆាំង​ជន​ជាតិ​ជ្វីប​/​អ៊ីស្រាអែល​នៅ​ក្នុង​បរិវេណ​របស់​ខ្លួន និង​ក៏​មាន​ចរិត​សេរី​និយម​ជ្រុល​បែប​លម្អៀង​ផង​ដែរ​។

កាល​ពី​ពេល​កន្លង​មក​ រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​បញ្ជា​ទៅ​ហាវើត​ដើម្បី​កែ​សម្រួល​កម្ម​វិធីសិក្សា​ដែល​មាន​ចរិត​បះ​បោរ​ផ្នែក​នយោបាយ​ និង​ចេញ​បញ្ជា​ឱ្យ​ហាវើត​បណ្ដេញ​​និស្សិត​ដែល​មាន​ទស្សនៈ​ប្រឆាំង​អាមេរិក​។ ប៉ុន្តែ​ហាវើត​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​នយោបាយ​របស់​លោក​ត្រាំ និង​មិន​ព្រម​អនុវត្ត​តាម​បទ​បញ្ជា​ទាំង​នោះ​ទេ​។ ហាវើត​បាន​លើក​ទឡ្ហីករណ៍​ថា​វិធាន​ការ​របស់​ត្រាំ​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​​។​ ហាវើត​ថា​បើ​អនុវត្ត​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​អប់​រំ​របស់​ខ្លួន​។

សាកល​វិទ្យាធិការ​សាកល​វិទ្យា​ល័យ​ហាវើត​ លោក​អាឡាំង ហា្កបឺ (Alan Garber) ថ្លែង​ថា​ការ​ចេញ​បញ្ជា​ឱ្យ​ឈប់​ទទួល​និស្សិត​បរទេស​នោះ​ជា​សញ្ញា​មិន​ល្អ​ទាល់​តែ​សោះ​។ ពួក​បញ្ញវ័ន្ត​ និង​អ្នក​ស្រាវ​ជ្រាវ​ដែល​ចង់​បន្ត​ការ​សិក្សា​នៅ​អាមេរិក​ និង​ចង់​សម្រេច​ក្ដី​សុបិន​របស់​ពួក​គេ​នឹង​រស់​នៅ​ក្នុង​សេចក្ដី​ភ័យ​ខ្លាច ឬ​ព្រួយ​បារម្ភ​ជាប់​ជា​​ប្រចាំ​។ ពួក​គេ​បារម្ភ​ថា​បើ​​​ត្រាំ​ឃ្នើស​ចិត្ត​ត្រង់​ចំណុច​ណា​មួយ​​ គាត់​អាច​នឹង​បណ្ដេញ​ពួកគេ​ចេញ​ទាំង​អស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles