ទីក្រុងលីវ៉ឺភូល ៖ មនុស្សយ៉ាងហោចណាស់៤៧នាក់ ក្នុងនោះមានកុមារ៤នាក់ផងដែរបានរងរបួស បន្ទាប់ពីរថយន្ត១គ្រឿងបានបើកបំបុកចូលហ្វូងអ្នកគាំទ្របាល់ទាត់នៅក្នុងក្បួនដង្ហែរជើងឯកពានរង្វាន់លីគកំពូលអង់គ្លេសរបស់ក្រុមហង្សក្រហម Liverpool ក្នុងតំបន់ Merseyside ទីក្រុងលីវ៉ឺភូល ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន The Guardian, BBC និង Sky Sports បានចេញផ្សាយ។
សេវាសង្គ្រោះបន្ទាន់ប្រចាំតំបន់បានអះអាងថា មនុស្ស២៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយអ្នករងរបួស២នាក់ក្នុងនោះមានកុមារម្នាក់បានរងរបួសធ្ងន់ធ្ងរ។ លើសពីនេះ អ្នករបួសស្រាល២០នាក់ផ្សេងទៀត ត្រូវបានព្យាបាលនៅនឹងកន្លែងកើតហេតុតែម្តង។
ប៉ូលិសតំបន់ Merseyside រាយការណ៍ថា បុរសជនជាតិអង់គ្លេសស្បែកសអាយុ៥៣ឆ្នាំម្នាក់ ដែលរស់នៅទីក្រុងលីវ៉ឺភូល ត្រូវបានចាប់ខ្លួន ហើយត្រូវបានគេជឿថា គឺជាអ្នកបើករថយន្តបំបុកចូលហ្វូងក្បួនអ្នកគាំទ្រ Liverpool នៅម៉ោងប្រហែល៦ល្ងាច។ ទន្ទឹមជាមួយគ្នានោះ អាជ្ញាធរបានបញ្ជាក់ថា ឧប្បត្តិហេតុនេះ មិនត្រូវបានចាត់ទុកជាអំពើភេរវកម្មនោះទេ។ ប៉ុន្តែប៉ូលិសបន្ថែមថា ការស៊ើបអង្កេតយ៉ាងទូលំទូលាយកំពុងបន្តដើម្បីស្វែងរកមូលហេតុនាំទៅដល់ការបើកបំបុកចូលហ្វូងមនុស្សដ៏ច្រើនបែបនេះ។
មនុស្សរាប់ពាន់នាក់ ត្រូវបានរាយការណ៍ថា បានដើរហែរនៅតាមផ្លូវក្នុងទីក្រុងលីវ៉ឺភូលសម្រាប់ក្បួនដង្ហែរជ័យជម្នះរបស់ក្រុមហង្សក្រហម Liverpool ដែលគ្រងជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៤-២៥ ដែលបិទបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ជុំវិញហេតុការណ៍ដ៏រន្ធត់កើតឡើងនៅក្នុងទីក្រុងលីវ៉ឺភូល នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានថ្លែងថា «ហេតុការណ៍នៅទីក្រុងលីវ៉ឺភូលគួរឱ្យរន្ធត់ណាស់ ហើយខ្ញុំសូមអរគុណដល់សេវាកម្មសង្គ្រោះបន្ទាន់ សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សទាន់សភាពការណ៍របស់ពួកគេ»។ ស្របពេលដែលក្លិប Liverpool បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗថា «យើងកំពុងទាក់ទងដោយផ្ទាល់ជាមួយប៉ូលិស Merseyside ទាក់ទងនឹងឧប្បត្តិហេតុនៅលើផ្លូវដែលបានកើតឡើងឆ្ពោះទៅរកការបញ្ចប់នៃការដង្ហែរជើងឯកកាលពីល្ងាចមិញ។
គំនិត និងការអធិស្ឋានរបស់យើង គឺនៅជាមួយអ្នកដែលរងផលប៉ះពាល់ដោយឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះ។ យើងនឹងបន្តផ្តល់ការគាំទ្រពេញលេញរបស់យើងដល់សេវាសង្គ្រោះបន្ទាន់ និងអាជ្ញាធរមូលដ្ឋានដែលកំពុងដោះស្រាយឧប្បត្តិហេតុនេះ»៕







