កងទ័ពកម្ពុជា-ថៃប៉ះទង្គិចគ្នាមួយប្រាវ​ នៅព្រំដែនឆងបុក ខេត្តអ៊ូប៊ុនរ៉ាតឆាថានី ត្រូវបានដោះស្រាយដោយគ្មានអ្នករងរបួស ក្រោយការចរចា

កងទ័ពកម្ពុជា-ថៃប៉ះទង្គិចគ្នាមួយប្រាវ​ នៅព្រំដែនឆងបុក ខេត្តអ៊ូប៊ុនរ៉ាតឆាថានី ត្រូវបានដោះស្រាយដោយគ្មានអ្នករងរបួស ក្រោយការចរចា

មានសេចក្ដីរាយការណ៍ពីប្រភពទីភ្នាក់ងារសន្តិសុខព្រំដែននៅช่องบก (ឆងបុក) ខេត្តอุบลราชธานี (អ៊ូប៊ុនរ៉ាតឆាថានី) ប្រទេសថៃ បានឱ្យដឹងថា មានការប៉ះទង្គិចគ្នាបានកើតឡើងនៅម៉ោង ៥:៤៥ នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា រវាងកងទ័ពថៃ និងកងទ័ពកម្ពុជា។ ក្រោយហេតុការណ៍នេះ ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរងកងពលតូចគាំទ្រទី៣ របស់កម្ពុជា បានទូរស័ព្ទទៅកាន់មេបញ្ជាការរងកងកម្លាំងប្រតិបត្តិការពិសេសសុរនារី (Suranaree) របស់ថៃ ដើម្បីចរចាឈប់បាញ់ ហើយមិនមានសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ឬរបួសឡើយ។

រូបភាពក្នុងពិធីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទីបញ្ជាការកងយោធពលខេមរភូមិន្ទ Heng Chivoan

តំបន់ដែលកើតហេតុនេះ នៅតែជាតំបន់ព្រំដែនដែលមិនទាន់បានបោះបង្គោលកំណត់ព្រំដែនច្បាស់លាស់ ដោយមានការទាមទារសិទ្ធិត្រួតស៊ីគ្នាលើដែនដីពីសំណាក់ប្រទេសទាំងពីរ។ កន្លងមក ទាំងភាគីថៃ និងកម្ពុជា បានព្រមព្រៀងគ្នាថែរក្សា “ស្ថានភាពដើម” (status quo) នៅក្នុងតំបន់នេះ ដើម្បីចៀសវាងអស្ថិរភាពនៅតាមព្រំដែន ដោយហាមឃាត់រាល់សកម្មភាពទាំងឡាយណាដែលកែប្រែស្ថានភាពជាក់ស្ដែង ដូចជា ការសាងសង់ ការចល័តកងទ័ព ឬការជីកកកាយ ដោយគ្មានការជូនដំណឹងជាមុន។

នៅម៉ោង ៥:៤៥ នាទីព្រឹក កងកម្លាំងថៃបានប្រទះឃើញការចល័តទ័ពរបស់កងទ័ពកម្ពុជា និងការត្រៀមខ្លួនបង្កើតទីតាំងមួយនៅក្នុងតំបន់ដែលភាគីថៃអះអាងថាជាដែនដីរបស់ខ្លួន ដែលនេះអាចជាការរំលោភលើកិច្ចព្រមព្រៀង។ កងទ័ពថៃ មកពីកងកម្លាំងប្រតិបត្តិការពិសេសលេខ១ នៃបញ្ជាការដ្ឋានសុរនារី បានឆ្លើយតបដោយបញ្ជូនកម្លាំងទៅត្រួតពិនិត្យ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាមួយរយៈពេលខ្លី។

ប្រភពដដែលបញ្ជាក់ថា បុគ្គលិកយោធាថៃកំពុងបំពេញភារកិច្ចល្បាត និងសម្របសម្រួលការងារជាប្រចាំ ដោយគ្មានចេតនាអះអាងអធិបតេយ្យភាព ឬបង្កហេតុដល់ប្រទេសជិតខាងឡើយ។ ឧបទ្ទវហេតុនេះ បណ្ដាលមកពីការវិនិច្ឆ័យខុសនៅនឹងកន្លែង ហើយត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ដោយមិនមានរបាយការណ៍អ្នករងរបួសឡើយ។

រូបភាពក្នុងពិធីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទីបញ្ជាការកងយោធពលខេមរភូមិន្ទ Heng Chivoan

បន្ទាប់ពីហេតុការណ៍នេះ ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ បានទាក់ទងតាមទូរស័ព្ទទៅកាន់នាយរងនៃកងកម្លាំងប្រតិបត្តិការពិសេសសុរនារីរបស់ថៃ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាដោយជោគជ័យក្នុងការបញ្ចប់ការប្រឈមមុខដាក់គ្នា នៅត្រឹមម៉ោង ៥:៥៥ នាទីព្រឹក។
ប្រភពដដែលបានបន្ថែមថា «យន្តការទ្វេភាគីរួមមួយកំពុងចូលរួមក្នុងការពិភាក្សា ដើម្បីដោះស្រាយដោយសន្តិវិធីនូវការទាមទារសិទ្ធិត្រួតស៊ីគ្នាលើដែនដី និងបង្កើតក្របខ័ណ្ឌរួមមួយសម្រាប់កិច្ចប្រតិបត្តិការនាពេលអនាគត»។

Thai-Cambodian troops clash in early morning gunfire at Chong Bok border

បុគ្គលិកយោធាថៃទាំងអស់មានសុវត្ថិភាព ហើយស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងដិតដល់។ កងទ័ពភូមិន្ទថៃប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី និងផ្តល់តម្លៃចំពោះទំនាក់ទំនងដ៏រឹងមាំជាមួយកម្ពុជា ដោយសម្របសម្រួលកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីរក្សាស្ថិរភាពព្រំដែន និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

កងទ័ពថៃក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន សូមពឹងផ្អែកលើប្រភពព័ត៌មានផ្លូវការ និងចៀសវាងការចែករំលែករូបភាព ឬព័ត៌មានលម្អិតដែលមិនបានផ្ទៀងផ្ទាត់ ដែលអាចបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។ ប្រភពដដែលបានសង្កត់ធ្ងន់ថា «ព្រំដែនថៃតំណាងឱ្យអធិបតេយ្យភាព និងសន្តិភាព ដែលជាគោលការណ៍យើងត្រូវតែប្រកាន់ខ្ជាប់តាមរយៈការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ»។

ប្រភព: TheNation

យ៉ាងណាម៉ិញយើងមិនទាន់ទទួលបានការបកស្រាយឬរបាយការណ៍ពីខាងភាគីកម្ពុជានៅឡើយ។

administrator

Related Articles