ខេត្តកំពង់ស្ពឺ ៖ ត្រីតូចធំបានពុលនៅក្នុងស្ទឹងព្រែកត្នោត មុខវិមានឯករាជ ក្នុងក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ មិនទាន់ដឹងមូលហេតុ។
ប្រជាពលរដ្ឋម្នាក់បាននិយាយឱ្យដឹងថា ការដែលពួកគាត់មករកត្រីនេះ គឺត្រីតូច ត្រីធំ បានពុលងើបឡើងហែលនៅលើទឹក ពេលឃើញដូចនោះពួកគាត់ក៏នាំគ្នាចុះរកត្រី ខ្លះមានដំបងចាំវាយ ខ្លះទៀតមានមង ខ្លះទៀតមានស្នរ(ច្បូក) និងខ្លះទៀតមានកន្ទងចាំចូកយកត្រីគ្រាន់បានហូប ផ្អើលមនុស្សច្រើនកុះករ ម្នាក់ៗរកបានត្រីបន្តិចបន្តួចគ្រាន់បានធ្វើម្ហូបដែរ។
ប្រជាពលរដ្ឋបានបន្តថា ការពុលត្រីតូច ត្រីធំនេះទើបតែមាននៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សង្ស័យមានទឹកស្វាយដែលគេបង្ហូរចេញពីរោងចក្រ ឬក្រុមហ៊ុន ចូលមកក្នុងស្ទឹងព្រែកត្នោតទើបបានជាពុលត្រីធំ ត្រីតូចបែបនេះនោះ។ កាលពីប៉ុន្មានឆ្នាំមុន ស្ទឹងព្រែកត្នោតនៅមុខសួនសម្តេចព្រះសង្ឃរាជជួន ណាត ក៏ធ្លាប់ពុលដែរ រាល់ពេលធ្លាក់ភ្លៀងម្តងៗក្រុមហ៊ុន និងរោងចក្រកែច្នៃស្វាយតែងតែបង្ហូរចូលស្ទឹងទើបបណ្តាលឱ្យមានត្រីពុល។
ប្រជាពលរដ្ឋម្នាក់ទៀតបានលើកឡើងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅម្តុំវត្តតោងហោង ក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច និងម្តុំស្ពាន ជប៉ុនក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏មានត្រីពុលក្នុងស្ទឹងព្រែកត្នោតដែរ។
ពាក់ព័ន្ធនិងត្រីតូច ធំពុលក្នុងស្ទឹងព្រែកត្នោតផ្អើលដល់ប្រជាពលរដ្ឋនេះ មិនទាន់មានអាជ្ញាធរ និងជំនាញនៅក្នុងខេត្តកំពង់ស្ពឺ បញ្ជាក់ថាមកពីមូលហេតុអ្វីឱ្យច្បាស់លាស់នៅឡើយទេ ៕
















