ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី៤៧ អាណត្តិទី៣ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤៦ អាណត្តិទី៣ 2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3- បញ្ហាផ្សេងៗ។
បើយោងតាមរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យិនទៀង ប្រធាន អ.ប.ព. អំពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមានមន្ត្រីចំនួន ១១៥ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៨៩ រូប ដោយឡែកមន្ត្រី ០២ រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ២៤ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។
អ.ប.ព. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការ របស់ប្រតិភូការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយ ឯកឧត្តមអគ្គរដ្ឋអាជ្ញា IGOR KRASNOV មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ ដំណើរទស្សកិច្ចនេះក្នុងគោលបំណង ពង្រឹងនិងពង្រីកទំនាក់ទំនងអន្តរស្ថាប័នលើក្របខណ្ឌច្បាប់ ចំពោះ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងស្ថាប័នទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងចុះហត្ថលេខា
លើអនុសារណៈនៃការយោគយល់គ្នា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការនេះផងដែរ ។
ការងាររៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិ ទី IV (២០២៥-២០៣០)
អ.ប.ព. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូល លើកសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) ដែលមានសមាសភាពអញ្ជើញ ចូលរួមពីតំណាង ព្រឹទ្ធិសភា រដ្ឋសភា ក្រុមជនបង្គោលពីបណ្តាក្រសួង-ស្ថាប័ននានា វិស័យឯកជន សង្គមស៊ីវិល និងក្លឹបអ្នកកាសែតកម្ពុជា សរុប១៥០រូប នឹងបានប្រារព្ធឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសណ្ឋាគារ Haytt Regency Phnom Penh។
ការងារពាក្យប្ដឹង ៖ អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែ សរុបចំនួន ៥៨ ពាក្យប្ដឹង។
- ករណីលោក យិន ហេង ហៅចំប៉ីខ្មៅ ដែលមិនទទួលឲ្យចុះឈ្មោះ ជាបេក្ខជនចូលប្រឡងៈ – តាមលក្ខណសម្បត្តិសម្រាប់ដាក់ពាក្យប្រឡង បានកំណត់ច្បាស់៥ចំណុច (យោងតាមមាត្រា ៣១ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវីឆ្នាំ ១៩៩៥) គឺៈ ទី១. ត្រូវមានសញ្ជាតិខ្មែរ ទី២. ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល ទី៣. មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ឬឧក្រិដ្ឋ ឬបទវិន័យ ឬផ្តន្ទាទោសបទរដ្ឋបាល ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ ទី៤. មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការ ទី៥. ត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ។ លោកយិន ហេង ហៅចំប៉ីខ្មៅ មិនអាចបំពេញលក្ខណសម្បត្តិមួយចំនួន ជាពិសេសលើច្រើនចំណុច នៃចំណុចទី៣ (ឈ្មោះនេះមានប្រវត្តិត្រូវបានបញ្ឈប់ពីមុខងារ…)។
- ករណីបណ្ដឹងរវាងប្តីប្រពន្ធម្ចាស់បំណុល (ទី ប្រាថ្នា និង ចិន ស្រីដា) និង ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល និងភរិយា រ៉ាំង ភិរម្យ ដែលមាន ៣អង្គហេតុ (១) អង្គហេតុ លោក សម្បត្តិ កុសល ប៉ុនប៉ងសូកប៉ាន់ (២) អង្គហេតុ លោក សម្បត្តិ កុសល ប្តឹងបរិហារដោយភូតកុហក ដល់អយ្យការអមសាលាដំបូងខេត្ត សៀមរាប ថា ចិន ស្រី ដា និង ទី ប្រាថ្នា ប៉ុនប៉ងសូកប៉ាន់រូបខ្លួន (សម្បត្តិ កុសល) ហើយទារសំណង ២០ ម៉ឺនដុល្លារ និង (៣) អង្គហេតុ លោក សម្បត្តិ កុសល សូកប៉ាន់មន្ត្រី អ.ប.ព. ឱ្យជួយបិទរឿងក្ដីរបស់ខ្លួនទាំង អស់ ជាមួយប្តីប្រពន្ធម្ចាស់បំណុល ទី ប្រាថ្នា និង ចិន ស្រីដា។
- ករណីអ្នកស្រី ណៃ ដាណែត ប្រធានផ្សារទួលពង្រ ករណីប្រមូលចំណូលមិនមែនសារពើពន្ធ ដែលមិនបានទទួលសិទ្ធិពីរដ្ឋ និងបក្សពួក (លោក ប៊ុន ស៊ិន គូដណ្តឹង) លោក ម៉ី សាផាត (សន្តិសុខ) លោក សា ម៉ាក់ឆាន (សន្តិសុខ)។
ករណីវរសេនីយ៍ទោ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ឈ្មោះ តាំង សំណាង (សុខ ច័ន្ទសំណាង) វរសេនីយឯក, ជំនួយការអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ- ឈ្មោះ ហេង សុខណា (វសនា ហេង) (គេចខ្លួន)- ឈ្មោះ មុនី សុខដារ៉ូ (មន្ត្រីយោធា) (គេចខ្លួន)- ឈ្មោះ ស្រី ផាន់សុផាប (SRIPHAN SOPAP) ជនជាតិថៃ បុគ្គលិកកាស៊ីណូ Galaxy (ប៉ោយ ប៉ែត) (គេចខ្លួន) និងឈ្មោះ អូរ៉ារ៉ារ៉ង រ៉ាវី (OVARARINT RAWI) ជនជាតិថៃ (គេចខ្លួន) ជាម្ចាស់ប្រាក់ សំណូក ៧៧៤.០០០ ដុល្លារ ដើម្បីរត់ការឲ្យដោះលែងជនជាតិថៃ ៤៣នាក់ (ស្រី២០នាក់) ដែលក្រុមការងារ ចម្រុះនៃអគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដោយពួកគេបាន ចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា និងសុំកុំឱ្យរដ្ឋអំណាចកម្ពុជាបញ្ជូនអ្នកទាំង ៤៣ នាក់ នោះទៅប្រទេសថៃវិញឱ្យសោះ។ ក្នុងការរត់ការសូកប៉ាន់ នោះវរសេនីយ៍ទោ វ៉ន វាសនា បានប្រយោជន៍ ៣០ម៉ឺនដុល្លារ – តាំង សំណាង បាន ២៤.៦០០ ដុល្លារ។ ការសូកប៉ាន់នោះមិនសម្រេចទេ ហើយអាជ្ញាធរកម្ពុជា នៅតែសម្រេចបញ្ជូនជនចាតិថៃ ៤៣នាក់ (ស្រី២០នាក់) ទៅប្រទេសថៃវិញនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះការរាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





