យោងតាម ការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តលើកទឹកចិត្ត ឧបត្ថម្ភថវិកា២លានរៀលដល់កម្លាំងនគរបាលដែលបង្រ្កាបជនសង្ស័យ០៣នាក់ធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង០៨យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នៅចំណុចលើផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០៩និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ យុវតីរងគ្រោះបានដើរទៅទិញនំញាំម្នាក់ឯង ហើយដើរតាមផ្លូវបេតុង ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញត្រឡប់មកផ្ទះវិញខណៈពេលនោះជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងមកដល់ចំណុចកើតហេតុឃើញក្មេងស្រីរងគ្រោះកំពុងតែដើរម្នាក់ឯង ឆ្លៀតឱកាសស្ងាត់ ជនសង្ស័យក៏បានធ្វើសកម្មភាពចុះពីលើម៉ូតូរួចទៅកញ្ឆក់យកខ្សែក ពី ក្មេងស្រីរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ទៅ ។បន្ទាប់មកម្តាយជនរងគ្រោះបានដឹងថាកូនរបស់ខ្លួនបាត់ខ្សែក ក៏នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវនគរបាលសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ