រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ ឃើញគ្រោះថ្នាក់ចររាចរណ៍នៅតាមផ្លូវ ក៏បានឈប់ម៉ូតូចុះមើលមួយភ្លែត ស្រាប់តែមានជនឆ្លៀតឱកាសលួចយកម៉ូតូជិះគេចខ្លួនបាត់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៣៥នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវ៥៩២កែងផ្លូវ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានគ្រោះថ្នាក់ចររាចរណ៍រវាងម៉ូតូកង់បីឥណ្ឌាបើកឆ្លងផ្លូវ ត្រូវបាននារី២នាក់ជិះម៉ូតូលឿនជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកពេញទំហឹង បណ្តាលអោយនារីម្នាក់រងរបួសធ្ងន់ និងស្រាលម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យ មិត្តភាព កម្ពុជាចិនព្រះកុសមដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមចំណែកម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងរងការខូចខាត ។
តាមប្រភពពត៌មានបានបន្តទៀតថា ខណះពេលឃើញគ្រោះថ្នាក់ចររាចរណ៍ចររាចរណ៍នៅតាមដងផ្លូវបែបនេះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1Z-9299 មកដល់ ក៏បានឈប់ម៉ូតូមើលគ្រោះថ្នាក់ចររាចរណ៍ប្រមាណ៥នាទី ក៏ស្រាប់តែមានជនសង្ស័យកាច់កម៉ូតូយក ហើយជិះគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ កំលាំងនគរបាលប៉ុស្ត៍បានអោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ទី២ដើម្បីស្រាវជ្រាវរកជនសង្ស័យខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕






