អង្គភាពប្រឆាំងអំពើពុករលួយ៖ ចំប៉ីខ្មៅ មិនត្រូវបានផ្ដល់សិទ្ធិឱ្យប្រឡងមេធាវី ព្រោះមិនគ្រប់តាមលក្ខណៈសម្បត្តិ

អង្គភាពប្រឆាំងអំពើពុករលួយ៖ ចំប៉ីខ្មៅ មិនត្រូវបានផ្ដល់សិទ្ធិឱ្យប្រឡងមេធាវី ព្រោះមិនគ្រប់តាមលក្ខណៈសម្បត្តិ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែឧសភានេះ បានឱ្យដឹងថា ករណីលោក យិន ហេង ហៅចំប៉ីខ្មៅ ដែលមិនទទួលឱ្យចុះឈ្មោះ ជាបេក្ខជនប្រឡងធ្វើជាមេធាវី គឺដោយសារលោក យិន ហេង ហៅចំប៉ី ខ្មៅ មិនអាចបំពេញតាមលក្ខណៈសម្បត្តិមួយចំនួន ជាពិសេសលើច្រើនចំណុចនៃចំណុចទី៣ នៃលក្ខណៈសម្បត្តិសម្រាប់ដាក់ពាក្យប្រឡងមេធាវី (មានប្រវត្តិត្រូវបានបញ្ឈប់ពីមុខងារ…)។


លក្ខណៈសម្បត្តិសម្រាប់ដាក់ពាក្យប្រឡងមេធាវី ទាំង៥ចំណុច យោងតាមមាត្រា៣១ នៃច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីឆ្នាំ១៩៩៥ មានដូចជា៖
១. ត្រូវមានសញ្ជាតិខ្មែរ
២. ត្រូវមានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រដែលបានប្រកាសថាមានតម្លៃសមមូល
៣. មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ឬឧក្រិដ្ឋ ឬបទវិន័យ ឬផ្តន្ទាទោសបទរដ្ឋបាល ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ
ទី៤. មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួន ដែលប្រកាសដោយតុលាការ
ទី៥. ត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ

គួរបញ្ជាក់ថា កន្លងមក លោក យិន ហេង ហៅចំប៉ីខ្មៅ តាមរយៈសារព័ត៌មានអនឡាញ បានទទូចឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយពិនិត្យលើករណីដែលខ្លួនមិនត្រូវបានផ្ដល់សិទ្ធិឱ្យប្រឡងមេធាវី ដោយចំប៉ីខ្មៅ អះអាងថា បើទោះបីខ្លួនបានស្ដារនីតិសម្បទារួចរាល់ហើយក្ដី។

សូមរំឭកផងដែរថា នៅឆ្នាំ២០១៩ តុលាការរាជធានីភ្នំពេញ បានសម្រេចផ្ដន្តាទោស ឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ពីបទញុះញង់ឱ្យមានការរើសអើស ដោយដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារ១ឆ្នាំ ហើយទោស១ឆ្នាំទៀត ត្រូវព្យួរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles