(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ សភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ណែនាំអភិបាល ក្រុង ស្រុក ធ្វើការផ្សព្វផ្សាយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អភិបាល ក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩សារជាថ្មី ដោយជំរុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឡើងវិញ ឱ្យបានគ្រប់ៗគ្នា។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ដើម្បីទប់ស្កាត់ការឆ្លងរីកដាលជំងឺកូវីដ១៩ អាជ្ញាធ ក្រុង ស្រុក ទាំង១០ នៅក្នុងខេត្តតាកែវ ត្រូវបំផុសចលនាចាក់វ៉ាក់សាំងដូសជំរុញឡើងវិញចំពោះបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពឬនៅតាមមន្ទីរពេទ្យបង្អែករបស់រដ្ឋ ដោយការចាក់វ៉ាក់សាំងនេះគឺមិនគឹតថ្លៃនោះទេ ហើយមន្រ្តីសុខាភិបាល ក៏ត្រូវធ្វើការណែនាំពីអនាម័យដល់ប្រជាពលរដ្ឋដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ ផងដែរ។
ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានណែនាំដល់អាជ្ញាធក្រុងស្រុក ត្រូវត្រៀមទីតាំងមួយចំនួន សម្រាប់ការធ្វើចត្តាឡីសក្ត ប្រសិនបើមានករណីឆ្លងរីករាលដាលជំងឺកូវីដ១៩សារជាថ្មី។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៍បានណែនាំដល់មន្រ្តីច្រកទ្វាព្រំដែនទាំងអស់ ត្រូវធ្វើការត្រួតពិនឹត្យសុខភាពឱ្យបានច្បាស់លាស់រាល់អ្នកដំណើរដែលបានឆ្លងកាត់ ជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលមកប្រទេសកម្ពុជាសារជាថ្មី៕
ប្រភព៖ ក្រសួងព័ត៌មាន