រដ្ឋបាលខេត្តកំពង់ចាមចលនារៃអង្គាសថវិកាបានចំនួន២៧០លានរៀល ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា

រដ្ឋបាលខេត្តកំពង់ចាមចលនារៃអង្គាសថវិកាបានចំនួន២៧០លានរៀល ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះបានធ្វើពិធីប្រគល់ទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្ត ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ។ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការនិងសប្បុរសជនរាប់រយនាក់ សម្រាប់យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ក្នុងការព្យាបាលជូនកុមារាកុមារីដែលមកសម្រាកព្យាបាលជំងឺដោយឥតគិតថ្លៃ។


លោក គ្រុយ ខន ប្រធានការិយាល័យគណនេយ្យសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងពិធីប្រគល់ទទួលថវិកា នៃ «យុទ្ធនាការមួយម៉ឺននាក់ មួយម៉ឺនរៀល» ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះ គឺរដ្ឋបាលខេត្តទទួលបានថវិកាសរុបចំនួន ២៧០ លានរៀល ។

លោកលី សារ៉ារិទ្ធ អភិបាលរងខេត្តមានប្រសាសន៍រំលឹកឱ្យដឹងដែរថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីឱវាទក្នុងនោះមានរូបលោក
(សារ៉ារិទ្ធ) រួមជាមួយនឹងមន្ត្រីផ្សេងទៀតបានជិះកង់រៃអង្គាសនៅតាមបណ្ដាស្រុកក្រុងក្នុងខេត្តកំពង់ចាម ក្នុងរយៈពេលខ្លីគឺមានការចូលរួមយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រមទាំងសប្បុរសជនដោយប្រមូលថវិកាបានចំនួន៤២៣លានរៀលនិងជាង៨០០០ដុល្លារ ដើម្បីប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៤ កន្លងទៅ។ដោយឡែកនៅឆ្នាំ២០២៥ នេះដោយយុទ្ធនាការថ្នាក់ជាតិបានធ្វើឡើងនៅរាជធានីភ្នំពេញ ហើយនៅថ្នាក់ខេត្តវិញគឺបានរៀបចំធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាមប្រមូលបានថវិកាសរុបចំនួន២៧០លានរៀល ដើម្បីប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស សំដៅធានាចីរភាព នៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យគន្ធបុប្ផា
ក្នុងការស្រោចស្រង់ព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋពិសេសកុមារាកុមារី ដោយឥតគិតកម្រៃ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

administrator

Related Articles