អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលុបចោលទិដ្ឋការរបស់និស្សិតចិនដោយគ្មានការលើកលែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា។ វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់និស្សិតជនជាតិចិនរាប់ពាន់នាក់ ដែលកំពុងស្នាក់នៅនិងបន្តការសិក្សាតាមសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះគឺជាផ្នែកមួយនៃយុទ្ធនាការទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬទទួលបានទិដ្ឋការដោយមិនសមស្របពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីអាណត្តិមុន ពោលគឺជាពេលដែលអាមេរិកស្ថិតក្រោយការដឹកនាំរបស់លោកអតីតប្រធានាធិបតី ចូ បៃឌិន។ ភ្លាមៗក្រោយអាមេរិកចេញសេចក្តីប្រកាសខាងលើនេះ ស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅមិនទាន់មានប្រតិកម្មឬការឆ្លើយតបយ៉ាងណានៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia