(ខេត្តព្រះវិហារ)៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ នាយករង នាយកដ្ឋាន ផ្គត់ផ្គង់ ភស្តភារសមរភូមិទិសទី១ប្រាសាទព្រះវិហារបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់នាយ និង ពលទាហាន នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងខ្សែត្រៀមជួរមុខកម្ពុជា.ថៃ។
ក្នុងនោះដែរ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់បន្ថែមថា ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត នាយករង នាយកដ្ឋានផ្គត់ផ្គង់និងជាប្រធានស្នាក់ការភស្តុភារសមរភូមិមុខ ទិសទី១ប្រាសាទព្រះវិហារ បាននាំយកនូវមីចំនួន១០០កេស ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សំរិត អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តភាហិរញ្ញវត្ថុ នាយក នាយកដ្ឋានផ្គត់ផ្គង់ ជូនដល់នាយទាហាន នាយទាហាន និងពលទាហាន ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ប្រាសាទព្រះវិហារ ។
ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និង ពលទាហាន ឯកឧត្តមឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំឯកឧត្តមរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម អគ្គនាយកដ្ឋាន ភស្តភាហេរញ្ញវត្ថុ និងផ្គត់ផ្គង់ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបន្ទាត់ព្រំដែនខ្សែរត្រៀមជួរមុខ កម្ពុជា.ថៃ ក្នុងភូមិសាស្ត្រដែលថ្នាក់លើប្រគល់ជូន ។
នាយទាហាន នាយទាហានរងនិងពលទាហាននៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពារបូរណ:ភាពទឹកដីនិងគោរពប្រតិបត្តិយ៉ាងមុឺងម៉ាត់ និងអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមភារកិច្ចដែលថ្ថ្នាក់លើបានប្រគល់ជូន៕