អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលុបចោលកិច្ចសន្យាអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីតម្លៃ ៥៩០លានដុល្លារជាមួយក្រុមហ៊ុនផលិតឱសថ Moderna នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា។ ការសម្រេចលុបចោលកិច្ចសន្យាដែលមានតម្លៃរាប់រយលានដុល្លារនេះ គឺជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយមិនចាំបាច់របស់រដ្ឋាភិបាល ហើយវាក៏ជាគោលនយោបាយដ៏ចម្បងមួយរបស់លោក ដូណាល់ ត្រាំ ផងដែរ។
ប្រភពខាងលើបានបន្តថា កិច្ចសន្យាអភិវឌ្ឍវ៉ាក់សាំងខាងលើនេះគឺត្រូវបានធ្វើឡើងរវាងរដ្ឋាភិបាលអាមេរិកជាមួយនឹងក្រុមហ៊ុនផលិតឱសថ Moderna កាលពីថ្ងៃទី ១៧ ខែមករា ដើមឆ្នាំនេះ ពោលគឺមុនពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់ដំណែងជាប្រធានាធិបតីអាមេរិក តែ ៣ថ្ងៃប៉ុណ្ណោះ។ ខ្លឹមសារនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ប្រាក់ជាច្រើនដំណាក់កាលទៅកាន់ក្រុមហ៊ុនផលិតឱសថ Moderna ដែលមានចំនួនសរុបរហូតដល់ ៥៩០លានដុល្លារ ដើម្បីឱ្យក្រុមហ៊ុន Moderna ធ្វើការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីប្រភេទ H5N1 ។ យ៉ាងណាក្តី រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ យល់ឃើញថា កិច្ចសន្យានេះគឺជាការចំណាយលុយអត់ប្រយោជន៍ ទើបសម្រេចលុបចោលតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia