បន្ទាប់ពីថ្លែងនូវការសោកស្ដាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដែលពលីដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដោយសម្ដេចបានប្រមាណថា វាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។

សម្ដេចតេជោបានសម្ដែងការខកចិត្ត ត្បិតព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការណ៍ និងការអភិវឌ្ឍ មិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ។

សម្ដេចប្រធានព្រឹទ្ធសភា និងជាអតីតប្រមុខរាជរដ្ឋាភិបាលឆ្នើមសង្កត់ធ្ងន់ថា «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចា ដែលនឹងត្រូវធ្វើ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងទទួលបានផលល្អ។» ជាមួយគ្នានេះសម្ដេចបង្ហាញក្ដីសង្ឃឹមថា នឹងមិនមានភាពតានតឹងនៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះ កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍ នៃប្រទេសទាំងពីរនោះឡើយ។

ជាអវសានានុសាសន៍ នៃសារបស់លោក, សម្ដេចបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ។
«យើងស្អប់សង្រ្គាម តែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់ ២០១១ ដោយប្រើមុខព្រួញ ៣គឺ យោធា ការទូត និងផ្លូវច្បាប់» សម្ដេចតេជោបញ្ជាក់បន្ថែម៕