ទីក្រុងគូឡាឡាំពួរ ៖ ក្លិបបាល់ទាត់ Manchester United បានត្រឹមខកចិត្តក្នុងការប្រកួតមិត្តភាពសប្បុរសធម៌អន្តរជាតិលើកដំបូងក្រោយចប់រដូវកាលនេះរបស់ខ្លួន បន្ទាប់ពីចាញ់ក្រុមតារាបាល់ទាត់ឆ្នើមតំបន់អាស៊ាន ASEAN All-Stars ដោយលទ្ធផល ១ទល់នឹង០ នៅឯកីឡដ្ឋានជាតិ Bukit Jalil ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងការប្រកួតមានអ្នកទស្សនាផ្ទាល់សរុបចំនួន ៧២ ៥៥០នាក់មួយនេះ កីឡាករក្រុម ASEAN All-Stars ទាំង២៦នាក់ ក្រោមការដឹកនាំរបស់គ្រូបង្គោលជនជាតិកូរ៉េខាងត្បូង លោក Kim Sang-sik បច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមនោះ សុទ្ធតែបានបង្ហាញសមត្ថភាពលើទីលានទាំងអស់ ស្របពេលសមាជិកក្រុមជម្រើសជាតិកម្ពុជាទាំង២រូប កីឡាករ កាន់ ម៉ូ របស់ក្លិបវិសាខា និងកីឡាករ Kader របស់ក្លិបអង្គរថាយហ្គឺរ បានជាប់ជម្រើសរើស១១នាក់ដំបូង។
នៅក្នុងការប្រកួតនេះ ខ្សែការពារ កាន់ ម៉ូ របស់ក្លិបវិសាខា លេងបាន៦៤នាទី និងខ្សែប្រយុទ្ធ Kader របស់ក្លិបអង្គរថាយហ្គឺរ លេងបាន៣៩នាទី។ ចំណែកកីឡាករប្រកបអាជីពនៅលីគកំពូលកម្ពុជា២រូបផ្សេងទៀត រួមមាន ខ្សែប្រយុទ្ធឡាវ Bounphachan Bounkong របស់ក្លិបព្រះខ័នរាជស្វាយរៀង និងខ្សែប្រយុទ្ធទីម័រខាងកើត João Pedro ត្រូវបានប្តូរចូលជាបន្តបន្ទាប់។ ដ្បិត១គ្រាប់ជ័យជម្នះរបស់ក្រុម ASEAN All-Stars រកបានដោយកីឡាករសញ្ជាតិមីយ៉ាន់ម៉ា Maung Maung Lwin នៅនាទី៧១។
ដោយឡែក ក្រុមបិសាចក្រហម Man Utd ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Ruben Amorim ក៏មានការផ្លាស់ប្តូរសមាភាពកីឡាករជាច្រើននាក់ទាំងឈុតធំ និងឈុតយុវជនរបស់ខ្លួនផងដែរ ប៉ុន្តែមិនអាចរកគ្រាប់បាល់បញ្ចូលទី បើទោះជាមានការវាយសម្រុកលើក្រុម ASEAN All-Stars យ៉ាងណាក៏ដោយ ហើយព្រមទាំងទទួលបានការស្រែក Boo មិនពេញចិត្តពីអ្នកគាំទ្រថែមទៀតផង។ ដូច្នេះជាលទ្ធផលបញ្ចប់៩០នាទី ASEAN All-Stars គឺជាម្ចាស់ពានរង្វាន់ការប្រកួតមិត្តភាពសប្បុរសធម៌អន្តរជាតិមួយនេះ។
បន្ទាប់ពីខកចិត្តនៅទឹកម៉ាឡេស៊ី Man Utd ត្រូវបានភារកិច្ចបន្តធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីត្រៀមប៉ះក្រុមជម្រើសជាតិនៃដែនដីមួយនេះ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិដូចគ្នា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ខណៈការប្រកួតមិត្តភាពអន្តរជាតិទាំងពីរប្រកួតនេះ ក្រុមសមាជិកលីគកំពូលអង់គ្លេសមួយនេះ រកចំណូលបាន១០លានដុល្លារអាមេរិក៕ ដកស្រង់ ៖ BBC និង Manchester Evening News



