ឧត្តរមានជ័យ ៖ ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ត្រូវបានបិទបញ្ចប់ក្រោយដំណើរការប្រមាណ៤៥នាទី នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។
ជំនួបពិភាក្សាទ្វេភាគី កម្ពុជា-ថៃ បានចំណាយពេលប្រមាណ ១ម៉ោង និង ២០នាទី ដោយភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នាលើ ៣ ដូចខាងក្រោម៖
១-ភាគីទាំងពីរយល់ព្រមដោះស្រាយបញ្ហានេះតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដែលនឹងរៀបចំឡើងក្នុងរយៈពេល ២-៣ សប្តាហ៍ខាងមុខ។
២-ភាគីទាំងពីរយល់ព្រមឈជើងនៅចំណុចសមស្របមួយរៀងៗខ្លួន ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន។
៣- ភាគីទាំងពីរ ត្រូវរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងអនុវត្តន៍ភាពអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយបញ្ហានានា។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងជំនួបនោះមេបញ្ជាការកងទ័ពជើងគោកថៃ បានបន្ទន់ឥរិយាបទ និងបានទទួលស្គាល់ចំពោះហេតុការណ៍ នៃការប៉ះទង្កិចដោយអាវុធនៅតំបន់មុំបី។ នៅក្នុងជំនួបនោះមេបញ្ជាការកងទ័ព ជើងគោកថៃ បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រ៉ោន។
សូមជម្រាបថា ការចរចានេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។
ការចរចាបានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕រក្សាសិទ្ធដោយ៖សុទ្ធលី





