ជប៉ុន ៖ កម្ពុជា គឺជាទីតាំងដ៏ល្អបំផុតសម្រាប់ការវិនិយោគ

ជប៉ុន ៖ កម្ពុជា គឺជាទីតាំងដ៏ល្អបំផុតសម្រាប់ការវិនិយោគ


វិនិយោគិន​ជប៉ុន នៅ​កម្ពុជា​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា គឺជា​ទីតាំង​ល្អ​បំផុត​សម្រាប់​ការ​វិនិយោគ ។ ការ​លើក​ឡង​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​នា​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ រវាង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក YOSHIHISA Kainuma ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន MinebeaMitsumi Inc., និង​សហការី ចូល​ជួប​សម្ដែង​ការ​គួរសម ក្នុង​ឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​ផ្លូវការ​ពី​ថ្ងៃ​ទី​២៨-៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។



ក្នុង​ឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិ​បតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក និង​សហការី​ចូល​ជួប​សម្តែង​ការ​គួរសម និង​បាន​សម្តែង​ការ​អរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ដំណើរការ និង​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​មី​នេ​បៀ​កម្ពុជា​-Minebea (Cambodia)​។


លោក​ប្រធាន​ក្រុមហ៊ុន បាន​គោរព​ជម្រាប​ជូន​សម្តេច​មហា​បវរ​ធិ​បតី អំពី​វឌ្ឍនភាព​នៃ​ការ​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ផ្តល់​ឱកាស​ការងារ ជាង ២,០០០​កន្លែង និង​គ្រោង​ជ្រើសរើស​ពលរដ្ឋ​បន្ថែម​ទៀត​ចូល​បម្រើ​ការងារ​ជា​បន្តបន្ទាប់ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ប្រធាន​ក្រុមហ៊ុន ក៏​បាន​គោរព​ជម្រាប​ជូន​សម្តេច​មហា​បវរ​ធិ​បតី អំពី​ដំណើរការ​សាងសង់​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​នេះ ។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា កម្ពុជា គឺជា​គោលដៅ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​វិនិយោគ ។

ជា​ការ​ឆ្លើយ​តប សម្តេច​មហា​បវរ​ធិ​បតី បាន​សម្តែង​ការ​ស្វាគមន៍ និង​សេចក្តី​សោមនស្ស ដែល​បាន​ជួប​លោក​ប្រធាន​ក្រុមហ៊ុន និង​សហការី​ជា​ថ្មី​ម្ដងទៀត ។ សម្តេច​មហា​បវរ​ធិ​បតី បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​ក៏​ដូច​ជា ការ​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​មី​នេ​បៀ​កម្ពុជា ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles