រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង៩ប្រទេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៏ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ ដើម្បីពិភាក្សាការងារលើការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរជាតិ និងអន្តរជាតិ នារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីសក្កានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ២០២៥ នេះ។ តាមរយៈយុទ្ធនាការនេះ ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រគល់តួនាទីដ៏សំខាន់ក្នុងការជួយសម្របសម្រួលការងារជាមួយការីទេសចរណ៍គ្រប់ប្រភេទលើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍ ព្រមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីសំរួលការធ្វើទេសចរណ៍ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដែលជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើននារដូវកាលបៃតងដ៏ស្រស់ស្អាតដែលរុក្ខជាតិកំពុងតែរីកស្រស់បំព្រងពណ៌បៃតង អមនឹងធម្មជាតិស្រស់ត្រកាលក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់សែនមនោរម្យ និងធាតុអាកាសត្រជាក់ស្រួល ជួយឱ្យអារម្មណ៍ស្រស់ថ្លា បំបាត់រាល់ទុក្ខកង្វល់ ផ្តល់ថាមពលផ្លូវកាយ និងផ្លូវចិត្តពេញលេញ៕រក្សាសិទ្ធដោយ៖សុទ្ធលី












