ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមវេទិកាទឹក និងការអភិវឌ្ឍទីក្រុងឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ដោយបានចែករំលែកជូនអង្គវេទិកាអំពីបទពិសោធ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងបរិវត្តកម្មសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Scott Morris ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្ររបស់ ADB ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសហគមន៍ដែលងាយរស់នៅ និងមានភាពធន់ ដោយបន្ស៊ីយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់ ADB ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានលើកឡើងថា៖ “ធនាគារអភិវឌ្ឍន៍អាស៊ីអាចដើរតួនាទីគន្លឹះក្នុងការជំរុញលើកកម្ពស់សហគមន៍ដែលងាយរស់នៅ និងមានភាពធន់នៅកម្ពុជា ដោយប្រកាន់យកអភិក្រមពហុវិមាត្រ ដែលរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងភាពធន់ នវានុវត្តន៍បច្ចេកវិទ្យា និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។”
ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកម្រិតខ្ពស់ស្តីពី “លើសពីហិរញ្ញប្បទាន៖ ភាពជាដៃគូយុទ្ធសាស្ត្រជាស្នូលសម្រាប់ការអភិវឌ្ឍជាតិ “។
ឯកឧត្តមបានបន្ថែមថា៖ “កម្ពុជាប្រើប្រាស់ភាពជាដៃគូយុទ្ធសាស្ត្រ មិនមែនហិរញ្ញវត្ថុ ដូចជាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពកាន់តែច្រើនឡើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ក្នុងបរិការដែលធនធានហិរញ្ញវត្ថុមានកម្រិត។”
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Fatima Yasmin និងនាយកប្រតិបត្តិ លោកស្រី Rachel Thompson ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីអាទិភាពរបស់កម្ពុជា ក្នុងការកសាងសហគមន៍ដែលមានភាពធន់ និងទីក្រុងដែលងាយរស់នៅ ដោយរួមមានការពង្រីកការផ្គត់ផ្គង់និងការផ្តល់តម្លៃដល់ទឹកស្អាត ការជំរុញការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ ការលើកកម្ពស់ភាពជាដៃគូវិស័យសាធារណៈនិងឯកជន និងការបង្កើនភាពធន់នឹងអាកាសធាតុ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









