រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាទោចក្រយាន ចាប់ផ្ដើមធ្វើការប្រមូលផ្ដុំ ទាំងឈុតធំ និងឈុតថ្នាល សុបទាំងអស់១៤នាក់ ដើម្បីធ្វើការហ្វឹកហាត់ ត្រៀមប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ នេះបើតាមការឱ្យដឹងពីលោក នូ ចំរើន អគ្គលេខាធិកាសហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ។
លោក នូ ចំរើន បានឱ្យដឹងថា ការប្រមូលផ្ដុំ ក្រុមកីឡាជម្រើសជាតិ ទោចក្រយាន ឆ្នាំនេះ ចំពោះផ្នែកឈុតធំ មានកីឡាករសរុប គឺចំនួន១០នាក់ ទាំងផ្នែកកង់គក់ និងកង់ភ្នំ កំពុងធ្វើការហ្វឹកហាត់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ហើយការហ្វឹកហាត់នេះ បានធ្វើឡើងតាំងពីខែមេសា ឆ្នាំ២០២៥ មកម្ល៉េះ ។ ការហ្វឹកហាត់នេះទៀត ត្រូវបានបែងចែកជា២ផ្នែក ៖ ផ្នែកកង់ភ្នំ ហ្វឹកហាត់នៅចំណុចទំនប់ជណ្ដើកាច់ជើងភ្នំជៀល ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដោយឡែក ផ្នែកកង់គក់ គឺហ្វឹកហាត់នៅលើផ្លូវលេខ៤១ និង៥១ តាមបណ្ដោយផ្លូវជាតិលេខ៣ និងលេខ៤ ជាដើម ។ ហើយមានពេលខ្លះ ហ្វឹកហាត់ជាក្រុម នៅតាមផ្លូវនៅគិរីរម្យ ក៏មានដែរ ។
លោកបានឱ្យដឹងទៀតថា ក្រៅពីការហ្វឹកហាត់ ត្រៀមស៊ីហ្គេម នៅប្រទេសថៃ សហព័ន្ធ នឹងត្រៀមសម្រាប់ការប្រកួតផ្សេងៗទៀត ដូចជាត្រៀមចេញទៅប្រកួតជើងឯក យុវជនអាស៊ី លើកទី៥ នៅប្រទេសបារ៉ែន អំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ។
ដោយឡែកសម្រាប់កីឡាករថ្នាលវិញ សហព័ន្ធធ្វើការប្រមូលផ្ដុំ មានចំនួន៤នាក់ ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ខណ្ឌព្រែកព្នៅ ដើម្បីពង្រឹងសមត្ថភាព ឆ្ពោះទៅការប្រកួតជើងឯកយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ។ សម្រាប់ការប្រមូលផ្ដុំរបស់សហព័ន្ធកីឡាទោចក្រយាន ឆ្នាំនេះ មិនមានកីឡាការិនីទេ ដោយសាតែការធ្វើតេស្តកម្រិតសមត្ថភាព ឃើញថា លទ្ធិផល ទាបជាងការប្រកួតប្រជែងមុនៗ ដូច្នេះហើយ ទើបសហព័ន្ធសម្រេចប្រមូលផ្ដុំ តែកីឡាករប៉ុណ្ណោះ ។
លោកអគ្គលេខាធិការរូបនេះ បានលើកឡើងថា ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ឆ្នាំនេះ សហព័ន្ធកីឡាទោចក្រយាន នឹងបញ្ជូនទៅប្រកួតប្រជែងដណ្ដើមមេដាយជូនកម្ពុជា គឺ៤០ប្រភេទកីឡាចូលរួម ។ ហើយសម្រាប់ការប្រកួតជាផ្លូវការ និងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។ ចំពោះប្រភេទកីឡាទោចក្រយានកម្ពុជា នៅមិនទាន់ដឹងថា ទទួលបានការអនុញ្ញាតឱ្យទៅប្រកួតប៉ុន្មាននាក់នោះទេ ៕


