និស្សិត​ជនជាតិ​ចិន​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អាមេរិ​ក​បណ្ដេញ​ចេញ​ទាំង​កណ្ដាល​ទី

និស្សិត​ជនជាតិ​ចិន​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អាមេរិ​ក​បណ្ដេញ​ចេញ​ទាំង​កណ្ដាល​ទី


ទី​ក្រុង​ហុង​កុង៖ និស្សិត​ចិនដែល​កំពុង​សិក្សា​នៅ​ប្រទេសអាមេរិក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ច្របូក​ច្រ​បល់​ និង​ពិបាក​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ដើរ​ទៅ​តាម​ផ្លូវ​ណា​ទៀត​។ ការ​គិត​បែប​នេះ​ស្រប​ពេល​ដែល​​រដ្ឋា​ភិបាល​របស់​លោក​ត្រាំ​កំពុង​រក​រឿង​និស្សិត​បរទេស​ដោយ​ចាប់​ផ្ដើម​ដំបូង​​ពី​​សាកល​វិទ្យាល័យ​ហាវើត​ទៅ​មុន​។ លោក​ត្រាំ​លើក​ជា​ទឡ្ហី​ករណ៍​ថា​ហាវើត​ចេះ​តែ​ទទួល​និស្សិត​ឱ្យ​ចូល​រៀន​ជា​លក្ខណៈ​ចាប់​ឆាយ​។

លោក​ត្រាំ​​ថា​និស្សិត​ខ្លះ​មាន​និន្នា​ការ​ប្រឆាំង​អាមេរិក​ក៏​សាកល​វិទ្យា​ល័យ​អាមេរិក​អនុញ្ញាត​ឱ្យ​ចូល​រៀន​ដែរ​។ រៀន​ចប់​ប្រឆាំង​អាមេរិក​ដដែល​។ និយាយ​ដោយ​ឡែក និស្សិត​ជន​ជាតិ​ចិន​ដែល​កំពុង​រៀន​នៅ​តាម​សាកល​វិទ្យាល័យ​អាមេរិកចាប់​ផ្ដើម​ខ្វាយ​​​ខ្វល់​កាន់​តែ​ខ្លាំង​​​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេ​រិក​ លោក​រូប៊ីយ៉ូ (Rubio) ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ពិនិត្យ​មើល​ទិដ្ឋាការ​​ដែល​ផ្ដល់​ជូន​និស្សិត​បរទេស​ទាំង​អស់​ដើម្បី​កំណត់​ថា​តើ​ត្រូវ​បណ្ដេញ​និស្សិត​ណា​ខ្លះ​ និង​ទុក​និស្សិត​ណា​ខ្លះ​។​

ប្រភពខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ​ចង់​ឱ្យ​ហាវើត​រក្សា​ទុក​និស្សិត​បរទេស​ត្រឹម​១៥%​តែ​ប៉ុណ្ណោះ​។ យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ រដ្ឋាភិបាល​នឹង​ចាត់​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​មុន​គេ​ទៅ​លើ​ប្រវត្តិ​រូប​របស់​និស្សិត​ជន​ជាតិ​ចិន​​ ជា​ពិសេស​ និស្សិត​ចិន​ដែល​សិក្សា​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ និង​និស្សិត​ដែល​អាច​នឹង​មាន​ទំនាក់​ទំនង​ជា​​មួយ​បក្ស​កុម្មុយ​និស្ត​ចិន​។

នៅ​ក្នុង​ចំណោម​និស្សិត​បរទេស​ដែល​កំពុង​រៀន​នៅ​តាម​សាកល​​​​វិទ្យា​ល័យ​​នានា​ទូទាំង​ប្រទេស​​អា​មេ​រិក​សព្វ​ថ្ងៃ​នេះ និស្សិត​​ឥណ្ឌា​មាន​​ច្រើន​ជាង​គេ​ឈរ​លំដាប់​ទី​១។​​ បន្ទាប់​មក​ និស្សិត​ចិន​ឈរ​លំដាប់​ទី​២​។ របាយ​ការណ៍​ឆ្នាំ​២០២៣​-២០២៤​បង្ហាញ​ថា​និស្សិត​​​​ចិន​រៀន​នៅ​អាមេរិក​ជាង​២៧​ម៉ឺន​នាក់​ ឬ​ស្មើ​នឹង​២៥%​នៃ​និស្សិត​​សរុប​ទាំង​ជាង​១​លាន​នាក់​ដែល​រៀន​នៅ​អាមេរិក​។​

លោក​លីន​ឈីន​ (Linqin) ជា​និស្សិត​ចិន​រៀន​នៅ​សាកល​វិទ្យាល័យ​ចន​ហប់​ឃីន (Johns Hopkins) ​ប្រាប់​ថា​នេះ​ជា​យុទ្ធ​សាស្ត្រ​ថ្មី​​នៃ​ការ​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​ជន​ជាតិ​ចិន​នៅ​អាមេរិក​ក្រោម​ច្បាប់​ឆាយ​នីស អ៊ិច​ឃ្លូសិន​ អេក (Chinese Exclusion Act)។ គាត់​បាន​និយាយ​រំលឹក​ទៅ​ដល់​ចំណាត់​ការ​របស់​អា​មេ​រិក​កាល​ពីឆ្នាំ​១៨០០​ប្លាយ​ដែល​អាមេរិក​បង្កើត​ច្បាប់​មិន​ទទួល​យក​ជន​អន្តោ​ប្រវេសន៍​ចិន​ឱ្យ​រស់​នៅ​លើ​ទឹក​ដី​អាមេរិក​ទេ។ ​​ចំណែក​ជន​ជាតិន​​ចិន​ដែល​រស់​នៅ​លើ​ទឹក​ដី​អាមេរិក​យូរ​ហើយ​ក៏​​មិន​ត្រូវ​អាមេរិក​​ផ្ដល់​សញ្ជាតិ​​ឱ្យ​​ដែរ​​​។

និស្សិត​ចិន​រូប​នេះ​យល់​ថា​មើល​ទៅ​គាត់​រស់​នៅ​អាមេរិក​ត​ទៅ​ទៀត​មិន​កើត​ទេ​ ត្រូវ​តែ​ចាក​ចេញ​ទាំង​បង្ខំ​ចិត្ត​បន្ទាប់​ពី​ចំណា​យ​ពេល​១/៣​នៃ​ជីវិត​របស់​គាត់​នៅ​ទី​នេះ​​។​ ប្រតិ​កម្ម​ចំពោះ​ចំណាត់​ការ​របស់​អាមេរិក​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី​ម៉ៅ​នីង (Mao Ning) ចាត់​ទុក​ថា​នេះ​ជា​វិធាន​ការ​​មិន​សម​ហេតុ​ផល​។ លោក​ស្រី​យល់​ថា​វិធាន​ការ​នេះ​មាន​ចរិត​នយោបាយ​ និង​រើស​អើង​នៅ​​លើ​គោក​ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​​នូវ​​​ចរិត​ភូត​កុហក​​​ដែល​ថា​​អាមេរិក​ជា​ទឹក​ដី​សេរី​ភាព​ និង​​​បើក​ទូលាយ​។ លោក​ស្រី​ថា​​ចិន​បាន​ផ្ញើ​កំណត់​ទូត​បង្ហាញ​ពី​ការ​ជំទាស់​នឹង​វិធាន​ការ​នេះ​ទៅ​​រដ្ឋាភិបាល​អាមេរិក​រួច​ហើយ​៕​​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles