ចូលរួម​ប្រឆាំង​មាន​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្ក​ឱ្យ​មានការ​ភ័យ​បារម្ភ​ពី​សំណាក់​អ្នកទេសចរ

ចូលរួម​ប្រឆាំង​មាន​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្ក​ឱ្យ​មានការ​ភ័យ​បារម្ភ​ពី​សំណាក់​អ្នកទេសចរ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គឺជា​កិច្ច​ការងារ​មួយ​យ៉ាង​សំខាន់ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​របស់​យើង​នេះ គឺ​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​ពិត​ត្រឹមត្រូវ ហើយ​ក្នុង​នេះ ការ​ផ្សព្វផ្សាយ​អំពី​វិស័យ​ទេសចរណ៍​ក៏​ដូច​គ្នា​ដែរ មិន​ត្រូវ​ឱ្យ​មាន​ព័ត៌ មាន​ក្លែងក្លាយ​បង្ក​ឱ្យ​មានការ​ភ័យ​ព្រួយ ឬ​មានការ​បារម្ភ​ពី​សំណាក់​អ្នកទេសចរ​នោះ​ឡើយ ។

ថ្លែង​ក្នុង​វេទិកា​ស្តី​ពី​«​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​ទេសចរណ៍​ក្នុង​រដូវ​កាល​បៃតង (Green Season) និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​» កាលពី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២៥ នៅ​ក្រសួង​ព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ចាប់​តាំង​តែ​ពី​ដើមឆ្នាំ​២០២៥​នេះ​មក ដែល​ក្នុង​នេះ ក្រសួង​ព័ត៌មាន និង​ក្រសួងទេសចរណ៍​បាន​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​ក្នុង​ការ​ផ្សព្វ ផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ យើង​បាន​យក​ទ្រឹស្តី​ថា មនុស្ស​ម្នាក់​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ម្នាក់​ផង​ដែរ ។


ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា នេះ​មាន​ន័យ​ថា វា​បាន​ភ្ជាប់​ជាមួយនឹង​កិច្ច​ការពារ​នូវ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត ។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​បន្ថែម​ថា «​អ្វី​ដែល​សំខាន់ គឺ​ការ​ទប់ស្កាត់​នូវ​រាល់​ព័ត៌មាន​ក្លែងក្លាយ ហើយ​នេះ​មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ព័ត៌មាន សុវត្ថិភាព​ព័ត៌មាន​សម្រាប់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត និង​ភាព​ជឿជាក់​ទៅ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ប្រទេស​កម្ពុជា ទាក់ទង​ទេសចរណ៍​នៅ​កម្ពុជា និង​វិធាន​ផ្សេង​ៗ​គឺជា​ព័ត៌មាន​ពិត​ត្រឹមត្រូវ ដែល​មិនមែន​ជា​ព័ត៌មាន​ក្លែងក្លាយ​បង្កើត​ឱ្យ​មានការ​ភ័យ​ព្រួយ​ពី​សំណាក់​ក្រុម​អ្នក​ទេសចរណ៍​» ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​លើក​ឡើង​ដែរ​ថា យុទ្ធនាការ​ទេសចរណ៍​ក្នុង​រដូវ​កាល​បៃតង ដែល​ជា​យន្តការ​ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​ពង្រាយ​របាយ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ច្រើន​គ្រប់​ខែ ជា​ពិសេស បំពេញបន្ថែម​ចរន្ត​ភ្ញៀវ​ទេសចរ​ក្នុង​រដូវ​កាល​បៃតង ដែល​ស្ថិត​ក្នុង​អំឡុង​ខែឧសភា ដល់​ខែតុលា ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ដាក់​ចេញ​នូវ​សកម្មភាព​ក្នុង​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នេះ ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុ​យ​ជ្រោយ ពិតជា​មាន​សារសំខាន់ ។
ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា​៖ «​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​វិស័យ​ទេសចរណ៍ សក្តានុពល​ទេសចរណ៍ និង​ក៏​ដូច​ជា​រូបភាព​ផ្សេង​ៗ​នៃ​តំបន់​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស ក្នុង​ខែមីនា​កន្លង​មកនេះ គឺ​ចន្លោះ​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ដែល​ជា​ព្រឹត្តិការណ៍​អស្ចារ្យ​នោះ គឺ​ព្រះអាទិត្យ​រះ​ចំពាក់​កណ្តាល​កំពូល​អង្គរវត្ត ។

រូបភាព​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​ក៏​ដូច​ជា​ភាព​អច្ឆរិយៈ​របស់​អង្គរ​ដែល​ដូនតា​ខ្មែរ​បន្សល់​ទុក​ឱ្យមក​ដល់​សព្វថ្ងៃ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា ការ​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ពិសេស​ត្រូវ​អនុវត្ត​យុទ្ធនាការ «​រដូវ​កាល​បៃតង (Green Season)» និង​ជួយ​ជំរុញ​ការ​លើក​ផ្លា​ក​រមណីយដ្ឋាន​ទេសចរណ៍ នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ដើម្បី​ទាក់ ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ពិសេស ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណៈ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ពង្រឹង​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ នូវ​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles