ប្រទេសជប៉ុន ៖ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពេលបំពេញបេសកកម្មការងារ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើសារទៅកាន់ជនរួមជាតិខ្មែរ ចំពោះស្ថានការណ៍នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែនក្នុងតំបន់មុំបី ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
សម្តេចបវរធិបតីបញ្ជាក់ថា ទោះបីសម្តេចកំពុងស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប៉ុន្តែប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំងក្នុងករណីធំ ដូចជាការចល័តទ័ពទៅកាន់ព្រំដែន គឺស្ថិតក្នុងការទទួលខុសត្រូវរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រី ។
សម្តេចបវរធិបតីបញ្ជាក់ថា សម្តេចបានតាមស្ថានការណ៍នៅព្រំដែនជាប់ជាប្រចាំតាមរយៈរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នា រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយសមភាគីថៃផងដែរ ។
សម្តេចសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចថ្ងៃនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរ ដូចដែលបានធ្វើកន្លងមក ។ ជាមួយគ្នានេះ សម្តេចបវរធិបតី បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយមិនមានប្រភពច្បាស់លាស់ និងអំពាវនាវសូមទប់ស្កាត់កុំឱ្យបញ្ហានេះរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារ និងរូបថត២សន្លឹក មានខ្លឹមសារទាំងស្រុងថា «ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែន កាលពីថ្ងៃទី២៨ ឧសភា ២០២៥ នៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ព និងអាវុធធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើឱ្យ្រជាពលរដ្ឋយើងភាគច្រើនមានការព្រួយបារម្ភ ជាមួយនឹងភាពស្រពេចស្រពឹលអំពីស្ថានភាពនៅព្រំដែន ។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងស្ថិតនៅក្រៅប្រទេស ?
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធ និងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល ។ រាល់ការវិវត្តនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែន គឺត្រូវបានរាយការណ៍ឱ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នា រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឱ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឱ្យសភាពការណ៍វិលត្រឡប់ទៅភាពស្ងប់ស្ងាត់ និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ ។
ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗ ក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន ។ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នា រវាងកង
ទ័ពនិងកងទ័ព ដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ ។ក្នុងន័យនេះ ខ្ញុំសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរ ដូចដែលបានធ្វើកន្លងមក ។
ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ។ហេតុដូច្នេះ ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយ ដោយមិនមានប្រភពច្បាស់លាស់ ។
ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយ
ជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់» ។ រូបថត២សន្លឹកនេះ គឺថតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីកាលពីជាង១០ឆ្នាំមុន ។ រូបថត១សន្លឹក គឺថតនៅជិតទីបញ្ជាការជួរមុខ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ។ រូបថត១សន្លឹកទៀត គឺការចរចាជាមួយភាគីកងទ័ពជើងគោកថៃ នៅជាំស្រងាំ ដើម្បីផ្អាកការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ ៕
