ទីក្រុងវ៉ាស៊ីនតោន៖ នៅទីបញ្ចប់ លោកត្រាំប្រហែលជាត្រូវដកខ្លួនថយមួយជំហានវិញហើយនៅក្នុងសំណុំរឿងចាត់វិធានការក្ដៅទៅលើសាកលវិទ្យាល័យហាវើតបន្ទាប់ពីមានព្យុះភ្លៀងបោកបក់យ៉ាងខ្លាំងក្លារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ រដ្ឋាភិបាលអាមេរិកបង្ហើបឱ្យដឹងថាខ្លួនទុកពេលឱ្យហាវើត៣០ថ្ងៃដើម្បីតវ៉ានឹងបទបញ្ជាឱ្យឈប់ទទួលនិស្សិតបរទេស។
បន្ទាប់ពីក្រសួងសន្តិសុខមាតុភូមិបញ្ជាទៅហាវើត ហាវើតបានដាក់ពាក្យប្ដឹងទៅតុលាការ។ ចៅក្រមម្នាក់ចេញសេចក្ដីសម្រេចព្យួរទុកបទបញ្ជានោះជាបណ្ដោះអាសន្ន។ យោងតាមសេចក្ដីបំភ្លឺរបស់តុលាការ ក្រសួងសន្តិសុខមាតុភូមិបានផ្ញើលិខិតថ្មីមួយទៀតទៅហាវើតដើម្បីបញ្ជាក់ថាខ្លួន (ក្រសួងសន្តិសុខមាតុភូមិ) ត្រៀមនឹងបិទសិទ្ធិមិនឱ្យហាវើតទទួលនិស្សិតបរទេសតទៅទៀត។ ប៉ុន្តែក្រសួងចង់ឱ្យហាវើតសរសេរសារណាដើម្បីការពារខ្លួន និងបញ្ជាក់មូលហេតុដែលរដ្ឋាភិបាលមិនត្រូវបិទសិទ្ធិខ្លួន។
រដ្ឋាភិបាលលោកត្រាំទទួលអារម្មណ៍ថាហាវើតប្រឆាំងនយោបាយរបស់គាត់ដូចជាប្រឆាំងនយោបាយស្ដាំនិយម, អនុញ្ញាតឱ្យមនុស្សហែបាតុកម្មប្រឆាំងអ៊ីស្រាអែល/ជនជាតិជ្វីបនៅក្នុងបរិវេណសាកលវិទ្យាល័យរបស់ខ្លួន និងជួយសម្រួលឱ្យបក្សកុម្មុយនិស្តចិនបញ្ជូននិស្សិតទៅរៀននៅក្នុងសាកលវិទ្យាល័យខ្លួន។ ប៉ុន្តែហាវើតចេញមុខបដិសេធការចោទប្រកាន់នេះ។
រដ្ឋាភិបាលអាមេរិកបញ្ជូនលិខិតទៅហាវើតលើកចុងក្រោយនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេលតុលាការត្រៀមចេញសេចក្ដីសម្រេចថាតើត្រូវជំទាស់នឹងបទបញ្ជារបស់រដ្ឋាភិបាលលោកត្រាំ ឬយ៉ាងណា។ សព្វថ្ងៃនេះ និស្សិតបរទេសរៀននៅហាវើតមានប្រមាណ២៥%។ ហាវើតថាបើឈប់ទទួលនិស្សិតទាំងនេះនឹងធ្វើឱ្យខ្លួនជួបបញ្ហាធំ (បាត់បង់ប្រាក់ចំណូល)។ ហាវើតយល់ថាបទបញ្ជារបស់រដ្ឋាភិបាលត្រាំជាការរំលោភសេរីភាពបញ្ចេញមតិ និងសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ។
ក្រុមអ្នកច្បាប់របស់ហាវើតអះអាងថាក្រសួងសន្តិសុខមាតុភូមិត្រូវទុកឱកាសឱ្យហាវើតយ៉ាងតិច៣០ថ្ងៃដើម្បីតវ៉ា និងដាក់ពាក្យប្ដឹងជំទាស់ទៅតុលាការ។ បទបញ្ជាដែលក្រសួងបញ្ជូនទៅហាវើតកាលពីថ្ងៃទី២២ ខែឧសភានោះជាសញ្ញានៃជម្លោះដ៏ស្រួចស្រាល់កាន់តែខ្លាំងឡើងៗរវាងលោកត្រាំ និងហាវើត។ ប៉ុន្តែសាកលវិទ្យាធិការរបស់ហាវើតប្រកាសតាមប៉ុស្តិ៍ទូរទស្សន៍រួចហើយថាទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សាកលវិទ្យាល័យមួយនេះមិនអាចលុតជង្គង់សូមចុះចាញ់ជាដាច់ខាត។
ក្រុមមេធាវីរបស់ហាវើតលើកជាទឡ្ហីករណ៍ថាការដែលរដ្ឋាភិបាលរបស់លោកត្រាំចេះតែរករឿងហាវើតមិនចេះចប់មិនចេះហើយដោយសារនយោបាយមិនត្រូវគ្នា។ ហាវើតគាំទ្រគំនិតសេរីនិយមដែលត្រាំយល់ថាសេរីជ្រុលពេកហួសព្រំដែន។ ត្រាំចង់គ្រប់គ្រង និងកែសម្រួលទាំងកម្មវិធីសិក្សារបស់ហាវើតថែមទៀតដើម្បីស្របតាមនយោបាយរបស់គាត់។ ប៉ុន្តែហាវើតមិនព្រម។ ហេតុនេះហើយ ត្រាំសម្រេចចិត្តកាត់ផ្ដាច់ហិរញ្ញវត្ថុសរុបជិត៣ពាន់លានដុល្លារ និងបញ្ជាឱ្យផ្ដាច់ទំនាក់ទំនងទាំងស្រុងពីហាវើតនៅក្នុងយុទ្ធសាស្ត្រដាក់ឱ្យនៅឯកោ។ ហាវើតក៏កំពុងដាក់ពាក្យប្ដឹងជំទាស់នឹងការកាត់ផ្ដាច់ថវិកានេះផងដែរ៕