(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំនាយទាហានជាន់ខ្ពស់គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ព្រិន្ទបាលឯក សួន រ៉ោន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំនាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រិន្ទបាលឯក សួន រ៉ោន ព្រិន្ទបាលឯក សួន រ៉ោន គឺជាយុទ្ធជនកងអនុសេនាធំទី៥ វរសេនាតូចលេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ទៀ សីហា រួមជាមួយនាយទាហានជាន់ខ្ពស់ទាំងអស់ បានសម្តែងនូវការសោកស្តាយជាទីបំផុត និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ ការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់កងយោធពលខេមរភូមិន្ទដើម្បីការពារជាតិ សន្តិភាព និងប្រជាជន៕
ប្រភពព៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ