(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីការរួបរួមសាមគ្គីភាពគ្នានៃខឿនការពារជាតិខ្មែរ។
បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់សូមជួយឧបត្ថមជាសម្ភារៈឬថវិការទោះច្រើនឬតិចតួចក្ដីដល់កងទ័ពដើម្បីបង្ហាញពីការរួមរួម សាមគ្គីភាពគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាយើង។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់នៅក្នុងពិធីសម្ភោធផ្លូវមួយខ្សែនៅក្នុងឃុំ ត្រាំកក់ ស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា វិស័យការពារជាតិយើងមិនអន់ជាងប្រទេសណានោះទេហើយរាជរដ្ឋាភិបាលក៍មិនមានការខ្វះខាតទេលើការទ្រទ្រង់ផ្គត់ផ្គង់សម្ភារៈលើវិស័យការពារជាតិរួមទាំងការឧបត្ថមការហូបចុកដល់បងប្អូនកងទ័ព្វយើង ដូចប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកាលពីម្សិលម្ងៃ ក៍ប៉ុន្តែការចូលរួមឧបត្ថមរបស់បងប្អូនប្រជាពលរដ្ឋដល់កងទ័ព្វយើងវាបានបង្ហាញពីចឹត្តស្នេហាជាតិ ស្នេហាទឹកដី ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៅពេលប្រទេសជាតិជួបបញ្ហានិងជួយលើកតម្កើងដល់ខឿនការពារជាតិយើងឲ្យកាន់តែរឹងមាំថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាលតែងតែជឿជាក់និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរាល់ពេលមានបញ្ហាអ្វីកើតឡើង បងប្អូនប្រជាពលរដ្ឋតែងតែធ្វើសកម្មភាពគាំទ្រ លើកទឹកចឹត្តនិងស្ថិតនៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ពេលវេលា៕
ប្រភព៖ ក្រសួងព័ត៌មាន