រាជធានីភ្នំពេញ ៖ លទ្ធផលក្រោយជំនួបចរចារវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីភាគីកម្ពុជា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ បានជួបចរចា នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ។
យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបង្ហាញថា ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:៣០នាទីរសៀល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ដោយទទួលបានលទ្ធផល ដូចខាងក្រោម ៖
១-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍ តាមគ្រប់យន្តកា រដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។
២-ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍ តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ ឬ៣ សប្ដាហ៍ ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ។
៣-ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណា កុំឱ្យមានអរិភាព ដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
៤-ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើង ដោយគ្មានអាវុធ នៅចំណុច ដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះ ភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ ។
ភាគីទាំងពីរ បានឯកភាព និងទទួលយក នូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចា ត្រូវបានបញ្ចប់នៅវេលាម៉ោង១៦:១៥នាទី នាថ្ងៃដដែល ។
សូមជម្រាបថា មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចា នៅរសៀលថ្ងៃទី២៩ ឧសភានេះ បន្ទាប់ពីកងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធគ្នា នៅតំបន់មុំបី កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ បានពលីជីវិត ៕




