រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាគ្រូបង្រៀន និងជានាយកសាលាឯកជនមួយរូប មានអាការះមិនស្រួលខ្លួន ក៏បានទូរស័ព្ទហៅនារីជាសង្សាអោយមកជួយមើល ខណះនាងមកដល់ ក៏ប្រទះឃើញបុរសរងគ្រោះដួលស្លាប់បាត់ទៅហើយ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២៥ នៅបន្ទប់ជួលជាន់ផ្ទាល់ដី ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ញ៉ាង ណុច ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននិងជានាយកសាលាឯកជន ស្នាក់នៅបន្ទប់ជួលលេខ៤ ជាន់ផ្ទាល់ដី ភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងតាមាន់ ឃុំព្នាយស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
តាមប្រភពពត៌មានពីពលរដ្ឋដែលរស់នៅបន្ទប់ជួលក្បែរគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបន្ទាប់ពីបានត្រឡប់មកពីព្រលានយន្តហោះអន្តរជាតិពោធិចិនតុងវិញដល់បន្ទប់ជួលមានអាការៈមិនសូវស្រួលខ្លួនក៏បានទូរសព្ទ័ទៅប្រាប់នារីម្នាក់ត្រូវជាសង្សារឈ្មោះឃុល គន្ធា អាយុ៣៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ដែលរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធរយៈពេលជាង៣ឆ្នាំមក ពេលនារីខាងលើមកដល់បន្ទប់ជួលក៏បានឃើញជនរងគ្រោះបានដួលនៅក្នុងបន្ទប់ស្ដូកស្ដឹងលែងមានដង្ហើមទៅហើយ បន្ទាប់មកនារីខាងលើក៏បានស្រែកហៅអោយអ្នកជិតខាងជួយនឹងទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់មកដល់គ្រូពេទ្យធ្វើការពិនិត្ររួចប្រាប់ថាជនរងគ្រោះបានផុតដង្ហើមស្លាប់បាត់ហើយ បង្កការភ្ញាក់ផ្អើលខាងម្ចាស់ផ្ទះជួលបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីខាងមន្ដ្រីផ្នែកជំនាញកោសលវិច្ច័យចក្ខុធ្វើការពិនិត្យសពរួច និងបានបញ្ជាក់ថាស្លាប់ដោយសារជំងឺគាំងបេះដូង ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពអោយទៅសាច់ញាតិគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕




