គាំទ្រកងទ័ពជួរមុខ៖ ឯកឧត្ដម ឃួង ស្រេង នាំយកអំណោយសម្ដេចធិបតី ចែកជូនកងទ័ពនៅខេត្តព្រះវិហារ-ស្ទឹងត្រែង

គាំទ្រកងទ័ពជួរមុខ៖ ឯកឧត្ដម ឃួង ស្រេង នាំយកអំណោយសម្ដេចធិបតី ចែកជូនកងទ័ពនៅខេត្តព្រះវិហារ-ស្ទឹងត្រែង

ស្ទឹងត្រែង៖ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញមានបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩ ,កងពលតូចអន្តរាគមន៍លេខ ១២៨ និងកង
នគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។


ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅទីកងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយ កងទ័ពយើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ។
ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី ក្នុងការពង្រាយកងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទថៃ ដើម្បីការពារបូរណភាពទឹកដី ពីការរំលោភឈ្លានពាន។ សម្តេចតេជោ ហ៊ុន សែន មិនត្រូវការសង្គ្រាមទេ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជា ធ្វើដើម្បីការពារយថាហេតុអាក្រក់ដែលភាគីម្ខាងទៀតបំពាន។ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់ហើយថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅ ចំណុច ដែល បាន ប៉ះទង្គិចគ្នានោះទេ។

ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូនកងទ័ពនៅពេលនេះរួមមាន៖១-កងពលធំអន្តរាគមន៍លេខ៣ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល) ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ ចំនួន៥០%ចំនួន១៤.៤០០$ (ដប់បួនពាន់ បួនរយដុល្លារ)ជាមួយនិងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មួយចំនួន។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីជាមួយរវាងសមរភូមិមុខនិងសមរភូមោក្រោយនេះគឺបានមកពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតីនាយករដ្ឋមន្ត្រី បច្ចុប្បន្ន។
ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ក៏បានចូលបុណ្យសពលោកព្រិន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ នូវបច្ច័យបុណ្យចំនួន ១០លានរៀលផងដែរ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ក្នុងឱកាសនោះដែរបានមានប្រសាសន៍លើកឡើងថា៖ តាមរយៈការចងសម្ព័ន្ធមេត្រីជាមួយ បានធ្វើឱ្យទំនាក់ទំនងរវាង អង្គភាពជួរមុខកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែងនិងរដ្ឋបាលរាជធានីភ្នំពេញកាន់តែប្រសើរឡើង មានសាមគ្គីភាព មិត្តភាព កាន់តែជ្រាលជ្រៅនិងស្និតស្នាលដូចទឹកនិងត្រី ដែលធ្វើឱ្យកងទ័ពយើងកាន់តែមានភាពមោះមុត ក្នុងការ ការពារជាតិមាតុភូមិ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ មៀច សាមុត បានប្តេជ្ញាការពារសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដោយលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ គ្មានអំពើហិង្សា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ប្តេជ្ញា ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួកអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាលយើង។ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្តេជ្ញា កម្ទេសចោលរាល់ជនណាមួយដែលបង្កអស្ថេរិភាពនៅក្នុងប្រទេសកម្ពុជា។ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។គាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៨ និងអាណត្តិក្រោយៗទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles