សហរដ្ឋអាមេរិក ៖ តុលាការឧទ្ធរណ៍សហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានសម្រេចអនុញ្ញាតឱ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) អាចបន្តយកពន្ធនាំចូលដែលបានដាក់ចេញរបស់លោក និងបានផ្អាកបណ្តោះអាសន្ននូវដីកាតុលាការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិក ដែលជាតុលាការជាន់ទាប កាលពីថ្ងៃពុធ ដើម្បីរារាំងមិនឱ្យវិធានការពន្ធគយលោក ត្រាំ ចូលជាធរមាន។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង BBC បានចេញផ្សាយ។
តុលាការឧទ្ធរណ៍សហព័ន្ធ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រកាសថា ខ្លួនកំពុងផ្អាកការសម្រេចរបស់តុលាការជាន់ទាប ដើម្បីពិចារណាលើបណ្តឹងឧទ្ធរណ៍របស់រដ្ឋាភិបាល ហើយបានបញ្ជាឱ្យដើមបណ្តឹងក្នុងសំណុំរឿងឆ្លើយតបនៅថ្ងៃទី៥ ខែមិថុនា និងរដ្ឋបាលលោក ត្រាំ នៅថ្ងៃទី៩ ខែមិថុនា ខាងមុខ។
ការប្រកាសរបស់តុលាការឧទ្ធរណ៍សហព័ន្ធកើតឡើងមួយថ្ងៃ បន្ទាប់ពីតុលាការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិក កាលពីថ្ងៃពុធបានចេញសេចក្តីសម្រេចដ៏ភ្ញាក់ផ្អើលមួយ ដើម្បីរារាំង ឬយ៉ាងហោចណាស់ពន្យារពេលការអនុវត្តពន្ធគររបស់លោក ត្រាំ លើការនាំចូលពីដៃគូពាណិជ្ជកម្មភាគច្រើនរបស់សហរដ្ឋអាមេរិក និងពន្ធបន្ថែមលើទំនិញមកពីប្រទេសកាណាដា ម៉ិកស៊ិក និងចិន។ តុលាការពាណិជ្ជកម្មបានអះអាងថា រដ្ឋបាលលោក ត្រាំ បានប្រើសិទ្ធិអំណាចហួសដែនកំណត់ ខណៈដែលរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានផ្តល់សភានូវសិទ្ធិអំណាចផ្តាច់មុខក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ និងមិនត្រូវបានបដិសេធដោយអំណាចបន្ទាន់របស់ប្រធានាធិបតី ដើម្បីការពារសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើយ។
ចៅក្រមក៏បានបញ្ជាឱ្យរដ្ឋបាលលោក ត្រាំ ចេញបទបញ្ជាពន្ធគយថ្មី ដែលឆ្លុះបញ្ចាំងតបតាមដីកាអចិន្ត្រៃយ៍របស់តុលាការក្នុងរយៈពេល១០ថ្ងៃ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប៉ុន្មាននាទីក្រោយសេចក្តីសម្រេចត្រូវបានចេញផ្សាយ រដ្ឋបាលលោក ត្រាំ ក៏បានចេញសេចក្តីជូនដំណឹងពីការប្តឹងឧទ្ធរណ៍ ដោយការវិនិច្ឆ័យកាលពីថ្ងៃពុធពីតុលាការពាណិជ្ជកម្មបានទាក់ទាញការខឹងសម្បារយ៉ាងខ្លាំងពីបណ្តាមន្ត្រីរបស់លោក ត្រាំ ដែលបានហៅវាថាជាឧទាហរណ៍នៃការដើរហួសដែនកំណត់របស់តុលាការមួយនេះ។
នៅក្នុងការអំពាវនាវរបស់ខ្លួន រដ្ឋបាលលោក ត្រាំ បានអះអាងថា ការសម្រេចចិត្តដែលចេញដោយតុលាការពាណិជ្ជកម្ម បានប៉ានស្មានដោយមិនត្រឹមត្រូវជាលើកទី២ មកលើប្រធានាធិបតី និងបានគំរាមកំហែងដល់ការដោះស្រាយការចរចាពាណិជ្ជកម្មដ៏លំបាកជាច្រើនខែ ហើយការបង្កើតគោលនយោបាយការបរទេស និងគោលនយោបាយសេដ្ឋកិច្ច មិនមែនដែនសមត្ថកិច្ចរបស់តុលាការនោះទេ។
លោក ត្រាំ ក៏បានរិះគន់សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មកាលពីថ្មីៗនេះ នៅក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបានសរសេរថា «សង្ឃឹមថា តុលាការកំពូលនឹងលុបចោលការសម្រេចចិត្តដ៏គួរឱ្យរន្ធត់នេះ ដែលជាការគំរាមកំហែងប្រទេសជាតិ»។
សូមជម្រាបថា បច្ចុប្បន្នសេតវិមានបានផ្អាក ឬកែសម្រួលផ្នែកខ្លះនៃការអនុវត្តពន្ធគយរបស់ខ្លួន ខណៈការចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកកំពុងតែដំណើរការ៕


