នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Nguyễn Minh Vũ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំ
នៅកម្ពុជានិងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសជិតខាងទាំងពីរឱ្យច្រើនឡើងថែមទៀតក្នុងរដូវកាលបៃតងនេះ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងធំៗ របស់វៀតណាមមកតំបន់ទេសចរណ៍កម្ពូជា ការសំរួលបែបបទធ្វើដំណើរ ព្រមទាំងកិច្ចសហការរៀបចំព្រឹត្តការណ៍ទេសចរណ៍ជាលក្ខណៈអន្តរជាតិថ្មីៗ និងទាក់ទាញ។ល។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរូមគ្នាថាទេសចរណ៍ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចាត់ទុកថាមានសារៈសំខាន់ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ហើយកំណើនចំនួនទេសចរវៀតណាមមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជាដែលធ្វើកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនវៀតណាម និងអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







