កែទម្រង់រដ្ឋបាល៖ ក្រសួងព័ត៌មាន លុបឈ្មោះមន្ត្រីរាជការ ៧រូប ដោយសារអវត្តមាន ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មី

កែទម្រង់រដ្ឋបាល៖ ក្រសួងព័ត៌មាន លុបឈ្មោះមន្ត្រីរាជការ ៧រូប ដោយសារអវត្តមាន ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មី

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥​ នេះបាន​ឱ្យ​ដឹងថា ក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះ ទទួលបានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ព្រមទាំងតាមប្រព័ន្ធអនឡាញ។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនអង្គសិក្ខាសាលាថា “នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា “ទោះបីជារយៈពេលជាង ៣០ឆ្នាំមកនេះ មុខងាររបស់ក្រសួងព័ត៌មាន មានការប្រែប្រួលខ្លាំង ក្រោមការវិវឌ្ឍបច្ចេកវិទ្យារបស់សង្គម ដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយ ប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់ នូវគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានសិក្សា រៀបចំ ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ ដោយផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់ តាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។”

“ក្រសួងព័ត៌មាន បានវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុត និងបានកំណត់មុខងារស្នូល និងមុខងាររងរបស់ខ្លួន ស្របតាមអនុសាសន៍នៃមន្ត្រីជំនាញ និងការចង្អុលបង្ហាញរបស់គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនោះមុខងារទី១ គឺដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមុខងារទី២ គឺដឹកនាំ និងសម្របសម្រួលកិច្ចការសាធារណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្រោយពីវិភាគមុខងារចប់ ក្រសួងព័ត៌មាន បានរៀបចំឡើងវិញ នូវសេចក្តីព្រាងអនុក្រឹត្យស្តីពី ការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន សំដៅដល់ការកែសម្រួល និងបំពាក់បន្ថែមមុខងារ ភារកិច្ច ឬរចនាសម្ព័ន្ធចាស់ ដោយច្របាច់នាយកដ្ឋានមួយចំនួនរួមបញ្ចូលគ្នា ឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យព័ត៌មានរបស់ខ្លួន ដែលបានដាក់ចេញក្នុងនីតិកាលទី៧ នៃរដ្ឋសភា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល” ឯកឧត្តមបានបញ្ជាក់បន្ថែម។

សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ រួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំង ២រូប ឱ្យកាន់តែមានភាពស៊ីជម្រៅ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ និងតម្រង់ទិសដ៏ត្រឹមត្រូវពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីជំរុញ និងពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles