ទឹកដីកម្ពុជា៖ សម្តេចតេជោបង្ហាញ៣ចំណុចសំខាន់ ទប់ទល់ការបំភ្លៃប្រវត្តិសាស្ត្រ និងការញុះញង់

ទឹកដីកម្ពុជា៖ សម្តេចតេជោបង្ហាញ៣ចំណុចសំខាន់ ទប់ទល់ការបំភ្លៃប្រវត្តិសាស្ត្រ និងការញុះញង់

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ហាញ​៣​ចំណុច​ កុំ​ឲ្យ​មានការ​វង្វេង​ប្រវត្តិសាស្ត្រ​តាម​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ញុះ​ញង់​ ។

សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «នៅ​ក្នុង Facebook របស់ខ្ញុំ ត្រូវ​បាន​ពួក​ជ្រុលនិយម​ថៃ​ចូល​មក​ជេរ​ប្រមាថ ដែល​ជា​ចេតនា​ចង់​បំផ្លាញ​ទំ​ទាក់​ទំនង​ល្អ​ រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ និង​ចង់​ដុត​កំ​ដៅ​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​ រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ ។ ក៏​មាន​ជនជាតិ​ថៃ​មួយ​ចំនួន ចង់​ឲ្យ​កម្ពុជា​ដក​កងទ័ព​ចេញពី​តំបន់​ដែល​កងទ័ព​កម្ពុជា​កំពុង​ឈរជើង​។


សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា​ ដើម្បី​ជៀសវាង​ការ​វង្វេង​ប្រវត្តិសាស្ត្រ ខ្ញុំ​សូម​បញ្ជាក់​លើ​៣​ចំណុច​ដូច​ខាងក្រោម​ ៖
១-តំបន់​មុំ​បី​នេះ ជា​ទឹកដី​កម្ពុជា និង​ត្រូវ​បាន​កងទ័ព​កម្ពុជា​ឈរជើង​តាំងពី​មុន​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ទៅ​ទៀត មាន​ន័យ​ថា​មុន MoU​ឆ្នាំ​២០០០ ប្រហែល ១៣​ឬ​១៤​ឆ្នាំ​។ អ៊ុ​ន​តាក់​ប្រហែលជា​អាច​ធ្វើ​សាក្សី​បាន ហើយ​បើ​មិន​ច្បាស់ កម្ពុជា និង​ថៃ អាច​ព្រមព្រៀង​គ្នា​យក​បញ្ហា​នេះ អម​ដោយ​ផែនទី​ផ្លូវការ​ដែល​អន្តរជាតិ​ទទួលស្គាល់ (​មិនមែន​ជា​ផែនទី​ចោរ​ដែល​គូស​ខ្លួនឯង​ដើម្បី​លួច​ដី​) ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡា​អេ ដើម្បី​បញ្ចប់សេចក្តី​ក្រោម​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង ជា​ជាង​អង្គុយ​បក់ផ្សែង និង​ដើម្បី​សេចក្តីសុខ និង​សាមគ្គីភាព​នៃ​អ្នក​ជំនាន់​ក្រោយ​កុំ​ឲ្យ​មានរឿង​ច្រំ​ដែល​កើតឡើង​បន្ត​ទៀត​។

២-រូបថត​ប៉ុន្មាន​សន្លឹក​ដែល​ខ្ញុំ​និង​ភរិយា​ព្រមទាំង​សហការី​បាន​ទៅ​កាន់​តំបន់​នោះ កាលពី​ជាង​១៥​ឆ្នាំ​មុន គឺជា​ភស្តុ​តាង​កាន់តែ​ច្បាស់​បញ្ជាក់​ថា​ ជា​ទឹកដី​កម្ពុជា​។ ខ្ញុំ​មិន​អាច​ស្លៀកពាក់​យោធា​ទៅ​ថត​ក្នុង​ទឹកដី​ថៃ ឬ​ទឹកដី​ឡាវ​នៅ​តំបន់​នោះ​បាន​ទេ ពិតមែនតែ​ពេល​នោះ ខ្ញុំ​ទទួល​កងទ័ព​ឡាវ​នៅ​ក្នុង​រោង​បុណ្យ​នេះ (​រោង​នេះ​ត្រូវ​បាន​ភ្លើង​ឆេះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​)​។

៣-កម្ពុជា​មិន​អាច​ដក​កងទ័ព​ចេញពី​ទឹកដី​របស់​ខ្លួន​តាម​ការ​ទាមទារ​របស់​ភាគី​ថៃ​បាន​ឡើយ​។ ក្បួន​បែប​នេះ គឺជា​ក្បួន​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អា​ភិ​សិ​ដ្ឋ វេចា​ជីវ៉ា និយាយ​មក​កាន់​ខ្ញុំ ចំពោះ​មុខ​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី កាលពី​ឆ្មាំ​២០១១ ថា សូម​ភាគី​២​ដក​កងទ័ព​ចេញពី​តំបន់​ប្រា​សាទព្រះ​វិហារ​ទាំងអស់​គ្នា ​។ ខ្ញុំ​និយាយ​ទៅ​កាន់ អា​ភិ​សិ​ដ្ឋ វិញ​ថា ខ្ញុំ​មិន​អាច​ដក​កងទ័ព​ចេញ​ទឹកដី​ខ្លួនឯង​បាន​ទេ​ផ្ទុយ​ទៅ​វិញ​ឯកឧត្តម​ត្រូវ​ដក​កងទ័ព​ឈ្លានពាន​របស់​ឯកឧត្តម​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ការ​កើតឡើង​នៅ​មុំ​បី​ចំនួន​៣​ថ្ងៃ​មកនេះ គឺ​រឿង​ច្រំ​ដែល​នៃ​ល្បិច​កល​ដែល​ចង់​យក​ដី​ពី​កម្ពុជា ដោយ​មេបញ្ជាការ​ថ្នាក់​ក្រោម ដោយ​មានការ​គាំទ្រ​ពី​ក្រុម​និយម​ជ្រុល​របស់​ថៃ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles