គ្រឿងសមុទ្រ​ជប៉ុន៖ ចិន​សម្រេច​បើក​ច្រក​នាំ​ចូល​ឡើង​វិញ​ក្រោយ​បិទ​ខ្ទប់​ជិត​២​ឆ្នាំ

គ្រឿងសមុទ្រ​ជប៉ុន៖ ចិន​សម្រេច​បើក​ច្រក​នាំ​ចូល​ឡើង​វិញ​ក្រោយ​បិទ​ខ្ទប់​ជិត​២​ឆ្នាំ

ទី​ក្រុង​ប៉េកាំង​៖ ​បន្ទាប់​ពី​បិទ​ខ្ទប់​ទំនិញ​ប្រភេទ​គ្រឿង​សមុទ្រ​របស់​ជប៉ុន​មិន​ឱ្យ​នាំ​ចូល​ប្រទេស​ចិន​ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​សារ​ធាតុ​វិទ្យុ​សកម្ម ថ្មី​ៗ​នេះ ប្រទេស​ចិន​ចាប់​ផ្ដើម​ពិចារណា​រឿង​នេះ​ និង​ត្រៀម​អនុញ្ញាត​ឱ្យ​នាំ​ចូល​ដូច​ធម្ម​តា​ឡើង​វិញ​។ កាល​ពី​មុន​នេះ ជប៉ុន​បាន​បង្ហូរ​ទឹក​កាក​សំណល់​ដែល​ស្តុក​ទុក​ជាង​ដប់​ឆ្នាំ​មក​ហើយ​ក្រោយ​​ព្រឹត្តិ​ការណ៍​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមី​វាយ​ប្រហារ​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៅ​ហ្វ៊ូ​គូ​ស៊ី​ម៉ា​ឆ្នាំ​២០១១​។ ហេតុ​នេះ​ ប្រទេស​ចិន​ក៏​ដាក់​ចេញ​បម្រាម​។

ប៉ុន្តែ​នៅ​ថ្ងៃនេះ ​​រដ្ឋាភិបាល​ជប៉ុន​អះ​អាង​ថា​ចិនយល់​ព្រម​អនុញ្ញាត​ឱ្យ​​នាំ​ចូល​គ្រឿង​សមុទ្រ​ទៅ​លក់​នៅ​ប្រទេស​ចិន​វិញ​ហើយ​​​​។ ដូច្នេះ បម្រាម​រយៈ​ពេល​ជិត​២​ឆ្នាំ​ត្រូវ​បាន​ដក​ចេញ​​ជា​បណ្ដើរ​ៗ​។ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​នៅ​​ក្រសួង​កសិ​កម្ម​ រុក្ខា ប្រមាញ់ និង​នេសាទ​ និង​ទី​ភ្នាក់​ងារ​គយ​ចិន​ទើប​តែ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ថ្មី​​​នេះបន្ទាប់​ពី​​​ជួប​គ្នា​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ពុធ​។​

ឥឡូវ​នេះ អាជ្ញា​ធរ​ចិន​កំពុង​រៀប​ចំ​នីតិ​វិធី​ផ្សេង​ៗ​ដើម្បី​អនុញ្ញាត​ឱ្យ​នាំ​ចូល​។ នៅ​ពេល​រៀប​ចំ​រួច​រាល់​ គ្រឿង​សមុទ្រ​របស់​ជប៉ុន​អាច​នាំ​ចូល​បាន​ហើយ​​។ ទី​ភ្នាក់​ងារ​គយ​ចិន​ថ្លែង​ថាដំណើរ​ការ​ចរ​ចា​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​​ក្រោយ​កិច្ច​ជំនួប​ដាច់​ដោយ​ឡែក១​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ទំនិញ​ប្រភេទ​បន្លែទឹក​ទៅ​លក់​នៅ​ប្រទេស​ចិន​។ ​ប្រតិ​កម្ម​ចំពោះ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ជប៉ុន​ចាត់​ទុក​ថា​នេះ​ជា​ព្រឹត្តិ​ការណ៍​វិវត្ត​ដ៏​សំខាន់​​។​ ​លោក​ថា​ជប៉ុន​នឹង​ក៏​អំពាវ​នាវ​ឱ្យ​​ចិន​នាំ​ចូល​ទាំង​សាច់​គោ​ជប៉ុន​​​​ថែម​ទៀត​​​។

អ្នក​នាំ​ពាក្យ​រូប​នេះ​​អំពាវ​នាវ​ឱ្យ​ប្រទេស​ចិន​​​អនុញ្ញាត​ឱ្យ​នាំ​ចូល​ឡើង​វិញ​នូវ​កសិផល និង​គ្រឿង​សមុទ្រ​ពី​ខេត្ត​ចំនួន​ដប់​របស់​ជប៉ុន​ដែល​ជាប់​បម្រាម​។ ក្នុ​ងនោះ​ក៏​មាន​ខេត្ត​ហ្វ៊ូ​គូ​ស៊ីម៉ា និង​ទីក្រុង​តូក្យូ​ផង​ដែរ​។ សូម​បញ្ជាក់​ថា​មូល​ហេតុ​ដែល​អ្នក​នាំ​ពាក្យ​អំពាវនាវ​ដូច្នេះ​ព្រោះ​នៅ​ក្នុង​កិច្ច​​ព្រម​ព្រៀង​នោះ​មិនបាន​​និយាយ​ពី​តំបន់​ទាំង​នេះ​ទេ​។ មាន​ន័យ​ថា​នៅ​ជាប់​បម្រាម​ដដែល​។​​

ទោះ​បី​បើ់ក​ឱ្យ​នាំ​ចូល​ឡើង​វិញ​ក៏​មិនមែន​នាំ​ចូល​ដោយ​សេរី​នោះ​ដែរ​។ ប្រទេស​ចិន​មាន​វិធាន​ការ​ហ្មត់​ចត់​ដើម្បី​ធានា​​សុវត្ថិ​ភា​ព​ចំណី​អាហារ​។ ចិន​តម្រូវ​ឱ្យ​ជប៉ុន​បង្កើត​ទី​តាំង​គ្រប់​គ្រង​គ្រឿង​សមុទ្រ​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ចិន​។ មុន​នឹង​នាំ​ចូ​ល​ប្រទេស​ចិន ​​ទំនិញ​ទាំង​នេះ​​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ និង​ចេញ​លិខិត​បញ្ជាក់​ពី​អាជ្ញា​ធរ​ចិន​ថា​​គ្មាន​សារធាតុ​វិទ្យុ​សកម្ម​​។

​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ លោក​លីន​ចៀន (Lin Jian) ថ្លែង​ថា​ចិន​បាន​ពិនិត្យ​រួច​ហើយ​ទៅ​លើ​សំណាក​គ្រឿង​សមុទ្រ​ជប៉ុន និង​មិន​បាន​រក​ឃើញ​ភាព​ខុស​ប្រក្រតី​ទេ​។ លោក​ថ្លែង​បន្ត​ទៀ​ត​ថា​រដ្ឋា​ភិបាល​ជប៉ុន​បាន​ផ្ដល់​ការ​ធានា​ដ៏​ប្រាកដ​ប្រជា​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​​​​ហ្មត់​ចត់​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​​ខ្ពស់​ចំពោះ​​​រឿង​នេះដើម្បី​ធានា​គុណ​ភាព និង​សុវត្ថិ​ភាព​នៃ​គ្រឿង​សមុទ្រ​របស់​ខ្លួន​ផង និង​ដើម្បី​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​នៃ​ការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ប្រទេស​ចិន​ផង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles