មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានអំពាវនាវអោយប្រជាជនកម្ពុជាស្ងប់ចិត្ត និងទុកចិត្តចំពោះរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការផ្ទុះអាវុ.ធនៅព្រំដែនព្រះវិហារ ហើយកុំអោយរុញច្រើនស្ថានការណ៍អោយទៅជាសម្អប់ពូជសាសន៍ ដែលនាំដល់ការខូចប្រយោជន៍ទាំងសងខាង ។ ដូច្នេះមេដឹកនាំថៃ ក៏ត្រូវតែប្រកាន់យកជំហរសន្តិភាពនិយមជាមួយកម្ពុជាផងដែរ ដើម្បីធានាបានកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរ ។

ដូច្នេះ យើងត្រូវជឿជាក់លើមេដឹកនាំ និងរដ្ឋាភិបាល ហើយចៀសវាងសកម្មភាពណាមួយ ដែលរុញស្ថានការណ៍អោយកាន់តែធ្ងន់ធ្ងរដូចជា ឈានដល់មានសម្អប់ពូជសាសន៍ជាដើម ។
នៅលើបណ្តាញសង្គមទាំងហ្វេសប៊ុក តេឡេក្រាម តិកតក់ តាំងពីមានបាតុភាពតានតឹង ហើយប៉ះទង្គិចគ្នាដោយអាវុ.ធរហូតដល់ពលីជីវិតកងទ័ពកម្ពុជាម្នាក់ គឺមានការចែករំលែក និងផ្សព្វផ្សាយជាច្រើន និងមានសភាពផុលផុស ។ នៅក្នុងចំណោមការផ្សព្វផ្សាយទាំងនោះក៏មានសារខ្លះហាក់បង្ហាញនូវការដុតរោលអារម្មណ៍កាន់តែខ្លាំង ហើយមានទាំងការផ្សព្វផ្សាយរឿងសកម្មភាពយោធាបែបនេះ បែបនោះផ្អើលពេញបណ្តាញសង្គម ។
ជាទូទៅរឿងសកម្មភាពនានារបស់ទ័ពតាំងពីស្ថានភាពកម្លាំងយោធា សកម្មភាពចល័ត កម្លាំង ស្ថានភាពកងកម្លាំង រួមទាំងអាហារជាដើម គឺសុទ្ធតែជារឿងដែលមិនគួរផ្សព្វផ្សាយឡើយ ពីព្រោះវា គឺជាបច្ច័យអវិជ្ជមានមួយដែលភាគីទំនាស់ គឺអាចនឹងដឹងអំពីយើងបាន ។ រីឯការផ្សព្វផ្សាយដែលមានចរិតអុ.ជអាលក៏ជាសកម្មភាពដុតរោលអារម្មណ៍ពង្រីកទំនាស់ និងបញ្ហាកាន់តែខ្លាំង ដោយធ្វើអោយខាតប្រយោជន៍ទាំងសងខាង ។
កម្ពុជា និងថៃ ចាំបាច់ត្រូវមានព្រំដែនសន្តិភាពជាមួយគ្នា ដើម្បីជាប្រយោជន៍របស់ប្រជាជនទាំងសងខាង ។ ភាគីថៃក៏ត្រូវតែយល់អោយច្បាស់អំពីបញ្ហានេះ ហើយសហការជាមួយកម្ពុជា ដើម្បីបង្កើតព្រំដែនសន្តិភាពមួយ ។ រាល់ការប៉ុនប៉ងឈ្លានពានណាមួយនឹងមិនអាចទទួលយកបានឡើយសម្រាប់កម្ពុជា ។ មេដឹកនាំកម្ពុជាក៏បានបញ្ជាក់ច្បាស់អំពីជំហរនេះ ហើយត្រៀមសមត្ថភាពការពារប្រឆាំងនឹងការឈ្លានពានណាមួយដែលអាចកើតមាន ។ រឿងប៉ះទង្គិចគ្នា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ វា គឺជាការប៉ះទង្គិចដោយអាវុ.ធដ៏តានតឹងមួយរហូតដល់ពលីជីវិតយោធិនកម្ពុជាមួយរូប ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែននាភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នេះហើយ ។ ក្រសួងការពារជាតិបានអះអាងថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃដែលបានកើតឡើង គឺដោយកងទ័ពថៃបានធ្វើការបា.ញ់ប្រហារមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ ។
ក្រសួងការពារជាតិ បានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយក្រសួងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសារជាថ្មីម្តងទៀត ។
ក្រសួងការពារជាតិក៏បានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយកងទ័ពកម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ ៕