ករណី​គាស់ផ្ទះ​វី​ង​ប្ដូរ​ប្រាក់​នៅ​ភ្នំពេញ៖ ជនសង្ស័យ​២​នាក់​ជាប់​ខ្នោះ រីឯ​ម្នាក់​ទៀត​រត់​រួច

ករណី​គាស់ផ្ទះ​វី​ង​ប្ដូរ​ប្រាក់​នៅ​ភ្នំពេញ៖ ជនសង្ស័យ​២​នាក់​ជាប់​ខ្នោះ រីឯ​ម្នាក់​ទៀត​រត់​រួច

រាជធានីភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ធ្វើការ​ឃាត់ខ្លួន​បាន រីឯ​បក្ខពួក​ម្នាក់​ទៀត​រត់​រួច ក្រោយ​ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​វាយ​បំបែក​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​វី​ង​មួយ​កន្លែង ​រួច​ឆ្កឹះ​សោ​ទ្វារ​ចូល​ទៅ ​ដើម្បី​​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ខណៈនោះ​ លួច​បាន​តែ​កង់​២​គ្រឿង និង​សម្លៀក​បំពាក់​មួយ​ចំនួន​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​ទុកទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ និង​ប្រាក់​នៅឡើយ ក៏​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់។ លុះ​រយៈពេល​ជាង​១​ម៉ោង​ក្រោយមក ​ទើប​ម្ចាស់ផ្ទះ​បានដឹង ហើយ​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាលជួយ​អន្តរាគមន៍​ ស្រា​ជ្រាវ​រហូត​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​បែប​នេះ​តែ​ម្ដង ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​វី​ង ​និង​ប្ដូរ​ប្រាក់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​ទី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ​សេង ម៉ា​ណែ​ត ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ។


ជនសង្ស័យ​ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​នោះ ៖
​ទី​១.​​ឈ្មោះ​ ណ​ន បញ្ញា ហៅ អា​ពី ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះដាច់ សង្កាត់​ក្បាលកោះ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។
ទី​២.​ឈ្មោះ​ ជុ​យ ជន​ឌី អាយុ​២៤​ឆ្នាំ មុខរបរ​កាច់​ផ្កាឈូក ស្នាក់​នៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំណែក​បក្ខពួក​ម្នាក់​ទៀត​គេចខ្លួន​បាត់​ស្រមោល ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​កើតហេតុ​នោះ​ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ម្ចាស់ផ្ទះ​ខាងលើ​បាន​បិទទ្វារ​ចាក់សោ​រួចរាល់ ក៏​បាន​ចូល​ដេក​ក្នុងផ្ទះ ហើយ​ផ្ទះ​របស់​គាត់​នោះ​ខណ្ឌ​ជា​ដំណាក់​ៗ​ ច្រើន​តង់ ទើប​ដល់​បន្ទប់ដេក​ និង​កន្លែង​ទុកទ្រព្យ​សម្បត្តិ។ ពេល​នោះ​ក្រុម​ជនសង្ស័យ​ បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើ​សកម្មភាព​វាយ​បំបែក​កាមេរ៉ា​សុវត្ថិភាព បណ្ដាល​ឲ្យ​ខូចខាត​រួច​ទើប​ឆ្កឹះ​សោ​ទ្វារផ្ទះ​ខាងក្រោយ​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ ។ ប៉ុន្តែ​ពេល​ចូល​ទៅ​ឃើញ​តែ​កង់​២​គ្រឿង​និង​សម្លៀក​បំពាក់​មួយ​ចំនួន​ប៉ុណ្ណោះ ក៏​ប្រមូល​យក​រួច​នាំ​គ្នា​គេចខ្លួន​បាត់ ដោយ​មិន​បាន​គាស់​បន្ទប់​ផ្សេង​ៗ​ទៀត​ឡើយ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ផង​ដែរ​ថា ពេល​នោះ​ដោយសារ​តែ​ភ្លៀង​ខ្លាំង​ពេក ទើប​ម្ចាស់ផ្ទះ​មិន​បានដឹង​ឡើយ រហូត​ដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ក្រោយ​ពេល​ជនសង្ស័យ​ចាកចេញ​ទៅ​បាត់​អស់ ទើប​ដឹង​ថា​ផ្ទះ​របស់​គាត់​មាន​ចោរ​ឆ្កឹះ​សោ​ទ្វារ​ចូល​លួច​ទ្រព្យសម្បត្តិ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង​ឲ្យ​ជួយ​អន្តរាគមន៍ ។ ខណៈនោះ​នោះ​នគរបាល​បាន​ចុះ​ទៅ​តរួតពិនិត្យ​ទាំង​យប់ និង​បាន​បើក​ការ​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ទើប​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​ណ​ន បញ្ញា ហៅ អា​ពី ដែល​កំពុង​ស្ថិត​នៅផ្ទះ​មួយ​នៅ​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ ហើយ​នគរបាល​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​និង​ដកហូត​បាន​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​១ ទូរស័ព្ទ​ដៃ​១​គ្រឿង​និង​ម៉ូតូ​ហុងដា​ស្កួ​ប​ពី​១​គ្រឿង ។

នគរបាល​ដដែល​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នគរបាល​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ ហើយ​បានដឹង​ថា​បក្ខពួក​២​នាក់​ទៀត កំពុង​លាក់ខ្លួន​នៅ​ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ក៏​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​២​នាក់​នោះ ប៉ុន្តែ​ពេល​ទៅ​ដល់​ឃាត់​បាន​ម្នាក់​ឈ្មោះ​ជុ​យ ជន​ឌី ចំណែក​ម្នាក់​ទៀត​អត់​នៅផ្ទះ​ឡើយ ។

នគរបាល​ខាងលើ​បាន​ប្រាប់​បន្ត​ថា ក្រោយមក​កម្លាំង​ក៏​បាន​បន្ត​ស្វែងរក ទៀត ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​នោះ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​សុ​ី​រូស​នៅ​តាម​ផ្លូវ​ក្នុងភូមិ​កប់​ស្រូវ​តូច​នោះ​ដែរ ហើយ​គ្រាន់តែ​ឃើញ​នគរបាល​ភ្លាម ជនសង្ស័យ​រូប​នោះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ។ ពេល​នោះ​នគរបាល​បាន​ដេញ​តាម រហូត​ដល់​ចំណុច​បឹង​តា​មោក សង្កាត់​គោក​រកា ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​ចោល រួច​រត់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​មួយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ បន្ទាប់​មក​នគរបាល​បាន​ដកហូត​យក​ម៉ូតូ​ដែល​ជនសង្ស័យ​ផ្ដួល​ចោល​នោះ រួច​នាំ​យក​ទាំង​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles