អ៊ុយក្រែន-រុស្ស៊ី: ជួបចរចា​នៅ​តួកគី, ទីក្រុង​កៀវ​ស្នើ​លក្ខខណ្ឌ​បញ្ចប់​សង្គ្រាម​ជា​មុន​សិន

អ៊ុយក្រែន-រុស្ស៊ី: ជួបចរចា​នៅ​តួកគី, ទីក្រុង​កៀវ​ស្នើ​លក្ខខណ្ឌ​បញ្ចប់​សង្គ្រាម​ជា​មុន​សិន

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​ដើម្បី​ជួប​គ្នា​ជា​ថ្មី​ដោយ​ផ្ទាល់​ជា​មួយ​គណៈ​ប្រតិ​ភូ​រុស្ស៊ី​នៅ​​ប្រទេស​តួក​គី​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។​ លើក​នេះ​លោក​ហ្សេឡិន​ស្គី​ក៏​លែង​ទាម​ទារ​ចង់​ជួប​មុខ​លោក​ពូទីន​ត​ទៅ​ទៀត​ដែរ​។​ ធ្វើ​ម៉េច​ឱ្យ​តែ​ការ​ចរ​ចា​គ្នា​នេះ​មាន​ដំណើរ​ការ​ទៅ​មុខ​។ ក្ដី​សង្ឃឹមរបស់​អ៊ុយ​ក្រែន​ដែល​ចង់​ចូល​អង្គ​ការ​ណាតូ​នោះ​ក៏​ប្រហែល​ជា​គ្មាន​ផ្លូវ​ដែរ​។​

ទី​ប្រឹក្សា​កំពូល​របស់​លោក​ហ្សេ​ឡិនស្គី​ប្រកាស​អំពី​ការ​​​ត្រៀម​ជួប​គ្នា​នេះ​បន្ទាប់​ពី​អ៊ុយ​ក្រែន​នៅ​សញ្ជប់​សញ្ជឹង​ជា​ច្រើន​ថ្ងៃ​មិន​ច្បាស់​ថាតើ​គួរ​ទៅ​ចូល​រួម​កិច្ច​ជំនួប​នោះ​ដែរ​ឬ​ទេ​។ ប៉ុន្តែ​លើក​នេះ​ច្បាស់​ហើយ​ថា​អ៊ុយ​ក្រែន​នឹង​ទៅ​។ វិមាន​ក្រឹម​ឡាំង​បញ្ជាក់​រួច​ហើយ​ថា​គណៈ​ប្រតិ​ភូ​រុស្ស៊ី​​ចាប់​ផ្ដើម​រៀប​ចំ​ខ្លួន​ និង​រៀប​ចំ​ឯក​សារ​ជា​បណ្ដើរ​ៗ​ហើយ​។ ទោះ​ជា​យ៉ា​ងណា​ក្ដី អ៊ុយ​ក្រែន​ទាម​ទារ​ឱ្យ​រុស្ស៊ី​បញ្ជូន​​​ទៅ​ឱ្យ​ខ្លួន​ជា​មុន​សិន​នូវ​លក្ខ​ខណ្ឌ​​ដែល​រុស្ស៊ី​ចង់​បាន​ដើម្បី​ជា​ថ្នូរ​​នឹង​​​ការ​បញ្ចប់​សង្គ្រាម​។

លោក​អាន​ឌ្រី យេ​ម៉ាក់ (Andrii Yermak) (ទី​ប្រឹក្សា​លោក​ហ្សេឡិន​ស្គី) ថ្លែង​ថា​អ៊ុយ​ក្រែន​ត្រៀម​​​ជួប​គ្នា​នៅ​តួក​គី​ ប៉ុន្តែ​ចង់​បាន​ការ​ពិភាក្សា​គ្នា​ដោយ​ស្ថាប​នា​។ មាន​ន័យ​ថា​អ៊ុយ​ក្រែន​ចង់​ឃើញ​សេចក្ដី​ព្រាង​នៃ​លក្ខ​ខណ្ឌ​ទាម​ទារ​របស់​រុស្ស៊ី​ជា​មុន​សិន​។ នៅ​សល់​បួន​ថ្ងៃ​ទៀត​ដែរ​មុន​នឹង​ជួប​គ្នា។​​ ដូច្នេះ លោក​យល់​ថា​រុស្ស៊ី​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​រៀប​ចំ​សំណុំ​ឯក​សារ​នោះ​។​

រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន លោក​អាន​ឌ្រី​ ស៊ី​ប៊ីហា (Andrii Sybiha) ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​រង់​ចាំ​មើល​ផ្លូវ​រុស្ស៊ី​ផ្ញើ​សំណុំ​ឯក​សារ​មុន​ពេល​ជួប​គ្នា​នៅ​តួក​គី​។ លោក​ចង់​បញ្ចប់​សង្គ្រាម​នៅក្នុង​ឆ្នាំ​២០២៥​នេះ​តែ​ម្ដង​។ ដូច្នេះ លោក​ពិត​ជា​ចង់​បាន​ណាស់​នូវ​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ និង​​​​ឥត​លក្ខខណ្ឌ​រយៈ​ពេល​៣០​ថ្ងៃ​។​ បើ​បាន​៥០​ថ្ងៃ​ ឬ​១០០​ថ្ងៃ​រឹត​តែ​​ប្រសើរ​។

លោក​ថា​អ៊ុយ​ក្រែន​បើក​ចិត្ត​ទូលាយ​ជា​និច្ច​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​ជា​មួយ​សមភាគី​រុស្ស៊ី​។ ​ប្រមុខ​ការ​ទូត​រូប​នេះក៏​គាំទ្រ​លទ្ធ​ភាព​​នៃ​កិច្ច​ជំនួប​កំពូល​រវាង​លោក​ហ្សេឡិនស្គី និង​លោក​ពូទីន​ផង​ដែរ​។ បើ​អាច​ធ្វើ​ទៅ​បាន លោក​ចង់​ឱ្យ​មាន​កិច្ច​ជំនួប​ត្រី​ភាគី​ជា​មួយ​លោក​ត្រាំ​ថែម​ទៀត​។ ​បើ​តាម​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង រុស្ស៊ី​កំណត់​ពេល​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា​។​

កាល​ពី​ថ្ងៃ​ពុធ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ក៏​បាន​ប្រកាស​អញ្ជើញ​អ៊ុយ​ក្រែន​ទៅ​ជួប​គ្នា​​​​​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ផង​ដែរ​។ លោក​ឡាវ​រ៉ូស (Lavrov) ប្រកាសនៅក្នុង​ខ្សែ​អាត់​វីឌីអូ​​​ថា​ចាំ​ទៅ​ជួប​គ្នា​នៅ​តួក​គី​សិន​ចាំ​រុស្ស៊ី​បង្ហាញ​លក្ខ​ខណ្ឌ​របស់​ខ្លួន​នៅ​ពេល​នោះ​តែ​ម្ដង​។ រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​​អ៊ុយ​ក្រែន​មិន​ជំទាស់​នឹង​គម្រោង​ជួប​គ្នា​ទេ​ទោះ​បី​ជួប​ថ្ងៃ​ទី​២ ខែ​មិថុនា ឬ​ជួប​ពេល​ក្រោយ​ៗ​ទៀត​ក៏​ដោយ​។

ប៉ុន្តែ​បើ​រុស្ស៊ី​​មិន​បង្ហាញ​លក្ខ​ខណ្ឌ​ឱ្យ​ដឹង​​មុន​ជា​ដដែល​ ​លោក​យល់​ថា​បើ​ទុក​ជា​ជួប​គ្នា​ក៏​​មិន​សូវ​មាន​ប្រយោជន៍​ប៉ុន្មាន​ដែរ​​។ លោក​ថា​លោក​បាន​ប្រគល់​ទៅ​ឱ្យ​រុស្ស៊ី​រួច​ហើយ​នូវ​លក្ខ​ខណ្ឌ​របស់​អ៊ុយ​ក្រែន​។ ​​សូម​ជម្រាប​ថា​កាល​ពេល​ជួប​គ្នា​វគ្គ​មុន​នៅ​តួក​គី​នោះ ភាគី​ទាំង​២​មិន​សូវ​ចរ​ចា​គ្នា​បាន​​ជា​សាច់​ការ​អ្វី​ប៉ុន្មាន​ទេ​ក្រៅ​ពី​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​គ្នា​ម្ខាង​ៗ​មួយ​ពាន់​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles