ខេត្តស្ទឹងត្រែង ៖ អធិការដ្ឋាននគរបាលស្រុកចិត្របុរី នៅរសៀលថ្ងៃទី៣០ ឧសភា ២០២៥ បានបញ្ជូនជនសង្ស័យ ១១នាក់ ទៅកាន់តុលាការ ក្រោយឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនល្បែងបញ្ជល់មាន់ ។
យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា កាលពីរសៀលវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ ដាក់លុយស៊ីសង មួយកន្លែង ស្ថិតនៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ក្នុងប្រតិបត្តិការនោះ គេបានឃើញវត្តមានលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ជាអ្នកដឹកនាំបង្ក្រាបផ្ទាល់ ។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ បានប្រាប់សារព័ត៌មានអោយដឹងថា លោកបានចុះដឹកនាំកម្លាំងអធិការនគរបាលស្រុកចិត្របុរី ដោយផ្ទាល់ បានឃាត់បានមនុស្ស ចំនួន ១១នាក់ និងម៉ូតូជាច្រើនគ្រឿង ផងដែរ ។
លោក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានប្រាប់កោះសន្តិភាពថា ជនសង្ស័យចំនួន១១នាក់ខាងលើ
ត្រូវបានកម្លាំងរបស់លោក បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី៣០ ឧសភា ២០២៥នេះ ជាមួយវត្ថុតាង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ឧសភា ២០២៥ កម្លាំងសមត្ថកិច្ចបានឃាត់បានមនុស្ស ១១នាក់ រួមទាំងវត្ថុតាង ម៉ូតូចំនួន ២៨ គ្រឿង រ៉ឺម៉ក ០១ គ្រឿង រថយន្ត លុចស៊ីស RX៣០០ ចំនួន ០១ គ្រឿង មាន់០៤ក្បាល នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿង និងបញ្ជូនតាមនីតិវិធីច្បាប់ ៕




