ទីក្រុងហ្កាហ្សា៖ ថ្ងៃនេះអ៊ីស្រាអែលបន្តវាយប្រហារទៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅជ្រោយហ្កាហ្សាបណ្ដាលឱ្យស្លាប់មនុស្ស១៤នាក់។ នេះបើយោងតាមការអះអាងរបស់មន្ត្រីបម្រើការនៅតាមមន្ទីរពេទ្យប៉ាឡេស្ទីន។ ក្រុមហាម៉ាស់ក៏កំពុងពិនិត្យមើលសំណើបទឈប់បាញ់ដែលអ៊ីស្រាអែលបានទទួលយករួចហើយ ហើយរង់ចាំទទួលចម្លើយពីពួកគេ (ហាម៉ាស់)។
កាលពីមុននេះ ប្រេសិតពិសេសរបស់លោកត្រាំទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោកស្ទីវវីតខូស មានសុទិដ្ឋិនិយមថាភាគីទាំង២ (ហាម៉ាស់ និងអ៊ីស្រាអែល) អាចនឹងឈានដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមដើម្បីអនុញ្ញាតឱ្យដឹកជំនួយចូលតំបន់ហ្កាហ្សា និងដោះលែងចំណាប់ខ្មាំង៥៨នាក់ដែលនៅសេសសល់។ ប៉ុន្តែនៅក្នុងចំណោមនោះ១/៣ទំនងជាបានស្លាប់ហើយ។
ក្រុមអ្នកជំនាញវាយតម្លៃថាបន្ទាប់ពីអ៊ីស្រាអែលបិទខ្ទប់ស្បៀងអាហាររយៈពេលជិតបីខែ (ទើបតែអនុញ្ញាតឡើងវិញកាលពីប៉ុន្មានថ្ងៃមុននេះ) បានរុញច្រានស្ថានការណ៍មនុស្សធម៌នៅទីនោះសឹងតែឈានដល់គ្រោះទុរភិក្សធ្ងន់ធ្ងរ។ សព្វថ្ងៃនេះនៅក្នុងចំណោមជនស៊ីវិលប៉ាឡេស្ទីនពីរលាននាក់នៅហ្កាហ្សាគ្រប់គ្នាមិនប្រាកដជាមានអាហារបរិភោគគ្រប់គ្រាន់ទេ។ អ្នកខ្លះរស់នៅស៊ីអត់ ស៊ីឃ្លាន។ គ្រាន់តែថាមិនដល់ថ្នាក់ដាច់ពោះស្លាប់តែប៉ុណ្ណោះ។
ជនជាតិប៉ាឡេស្ទីនម្នាក់ឈ្មោះមហាមេត អាបេត (Mohammad Abed) ប្រាប់ថាគាត់ និងក្រុមគ្រួសាររស់នៅពិបាកណាស់ព្រោះមួយថ្ងៃហូបបានតែមួយដងគត់។ មួយថ្ងៃៗគាត់ត្រូវសំកុករង់ចាំយ៉ាងអន្ទះសារយៈពេលបីម៉ោងទម្រាំបានបាយមួយកូនដុំសម្រាប់បរិភោគ។ លោកអាបេតប្រាប់ថាជារឿងគួរឱ្យសង្វេគចិត្តណាស់ដែលគេយករឿងនយោបាយមកបង្អត់អាហារមនុស្ស។ លោកយល់ថាចំណីអាហារ និងទឹកស្អាតមិនសមក្លាយជាចំណាប់ខ្មាំងសម្រាប់បម្រើឱ្យនយោបាយទាល់តែសោះ។
រាល់ថ្ងៃនេះ កុំតែបានអង្គការអន្តរជាតិ១ចំនួនចេះតែឆ្លៀតលៃលកចម្អិនអាហារសម្រាប់ជាប្រយោជន៍មនុស្សធម៌។ កុំអីប្រជាជនប៉ាឡេស្ទីនត្រូវដាច់ពោះស្លាប់អស់ហើយ។ នារីម្នាក់ឈ្មោះម៉ាណាវ៉ា អាល់រ៉ៃ (Mnarwar al-Rai) ប្រាប់ថាអ្នកស្រីផ្លាស់ប្ដូរកន្លែងរស់នៅប្រាំដងរួចមកហើយគ្រាន់តែម្ហឹកផ្ទុះសង្គ្រាមនៅហ្កាហ្សាជាងមួយឆ្នាំចុងក្រោយនេះ។ ឥឡូវនេះ ធ្លាក់ខ្លួនទៅនៅតំបន់ឌែ អាល់បាឡា (Deir al-Balah)។ នៅទីនេះ មនុស្សខិតខំស្វះស្វែងរកចំណីអាហារផង និងប្រឈមនឹងគ្រាប់កាំភ្លើងផង។
អ្នកស្រីប្រាប់ថាដោយសារសេចក្ដីស្រេកឃ្លាន ទោះបីប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក្ដី ក៏អ្នកស្រីសុខចិត្តប្រថុយសិនដែរ។ ជួនកាលដើរផ្សងព្រេងបីបួនកន្លែងទម្រាំបានបាយ១ចានយកមកបញ្ចុកកូនៗ។ បើនៅតាមទីផ្សារវិញមិនសូវមានអ្វីលក់ទេព្រោះពួកឈ្មួញបញ្ចេញទំនិញរបស់ពួកគេម្ដងបន្តិចៗដើម្បីលក់ឱ្យបានថ្លៃកប់ពពក និងដើម្បីកេងចំណេញលើអតិថិជន។
ដូច្នេះ ឃើញថាស្ថានការណ៍រស់នៅក្នុងតំបន់បិទខ្ទប់គឺពិបាកក្រៃលែង។ នៅពេលលេចឮដំណឹងល្ហៀងៗថានឹងមានបទឈប់បាញ់ឆាប់ៗនេះ ពួកគេមានចិត្តត្រេកអរណាស់។ យ៉ាងហោចណាស់បានអាហារបរិភោគឆ្អែត១គ្រានសិនក៏អស់ចិត្តដែរ។ ប៉ុន្តែគួរឱ្យស្ដាយ ភាគីទាំង២ចរចាមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ។ ជនជាតិប៉ាឡេស្ទីនម្នាក់ឈ្មោះមហាមេត ម្រេល (Mohammed Mreil) ប្រាប់ថាបើមានបទឈប់បាញ់ពិតមែន យើងគ្មានប្រាថ្នាអ្វីច្រើនទេក្រៅពីចង់មានជីវិតរស់នៅ ហើយយើងក៏ចង់ឃើញពួកអ៊ីស្រាអែលមានជីវិតរស់នៅដូចគ្នា។ ព្រះជាម្ចាស់បង្កើតពួកយើងមកមិនមែនដើម្បីឱ្យយើងស្លាប់ទេ៕