ភ្នំពេញ ៖ ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥អង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មក ដល់រាជធានីភ្នំពេញ នាវេលាល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបញ្ចប់ ដំណើរទស្សនកិច្ចការងារផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ បេសកកម្មនេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ វត្តមាន សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏ទទួលបាននូវការស្វាគមន៍ប្រកបដោយមនោសញ្ចេតនា គោរពស្រលាញ់យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលបំផុតពីសំណាក់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនផងដែរ។
ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្ដេចធិបតី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ព្រមទាំងទទួលជួបសម្តែងការគួរសមជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន និងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា។
ជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានព្រឹទ្ធសភាជប៉ុន៖ ឯកឧត្តមប្រធានព្រឹទ្ធសភា បានសម្តែងការពេញចិត្ត ចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុននិងកម្ពុជា ដែលត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ រហូតត្រូវបានដំឡើង ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣។ ឯកឧត្តម ក៏បានបង្ហាញជំនឿជឿជាក់ថា ទស្សនកិច្ចរបស់ សម្តេចធិបតី នាពេលនេះ នឹងរួមចំណែកពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។ ឯកឧត្តម បានប្ដេជ្ញាបន្តចូលរួមពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា។ សម្តេចធិបតី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃទំនាក់ទំនង កម្ពុជា-ជប៉ុន ដោយក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី៧២ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និង បានរំឭកពីតួនាទីយ៉ាងសំខាន់របស់ជប៉ុន ក្នុងដំណើរស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាជប៉ុន៖ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីបំណង
ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែម ដោយរដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះគ្រប់សកម្មភាពទាំងឡាយ ដែលរួមចំណែកដល់ការជំរុញ ចំណងមិត្តភាពប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងត យកចិត្តទុកដាក់ និងបង្កបរិយាកាសអំណោយផលចំពោះវិនិយោគិនជប៉ុននៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា នាពេលកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់ចេញ ពីការរួមចំណែក និងការគាំទ្ររបស់ប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផង ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការស្វែងរកសន្តិភាព និងកសាងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ សម្ដេចធិបតី បានប្តេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន៖ ឯកឧត្ដមនាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា មានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជប៉ុននិងកម្ពុជាបានសហការគ្នាក្នុងការបណ្តុះបណ្តាលលើ ការដោះមីនមនុស្សធម៌ សម្រាប់អ្នកដោះមីនអ៊ុយក្រែន។ ឯកឧត្តម ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ដែលស្របទៅនឹងគោលនយោបាយ នៃការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និង អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាមកដល់បច្ចុប្បន្ន។ សម្ដេចធិបតី បានថ្លែងបន្តថា ក្នុងរយៈពេល ៧២ឆ្នាំ នៃទំនាក់ទំនង ការទូតផ្លូវការ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹងនិងពង្រីកស្ទើរគ្រប់វិស័យ។ ការដំឡើង កម្រិតទំនាក់ទំនងទ្វេភាគីដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣ គឺជាសក្ខីភាពនៃភាព ជឿទុកចិត្តរវាងប្រទេសទាំងពីរ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ សន្តិសុខនិងការពារជាតិ ហិរញ្ញវត្ថុនិងធនាគារ ហេដ្ឋារចនាសម្ព័ន្ធ និងការតភា្ជប់ បរិវត្តកម្មឌីជីថលនិងសន្តិសុខសាយប័រ ថាមពលស្អាត ព្រមទាំងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ ទេសចរណ៍ និងការហោះហើរត្រង់។
ក្នុងជំនួបពិភាក្សាទ្វេភាគីនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញចូលរួមថ្លែងក្នុង សន្និសីទសារព័ត៌មានរួម ដោយ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ រួមមាន សហបង្កើតគុណតម្លៃសេដ្ឋកិច្ចនិងសង្គម និងកិច្ចសហ ប្រតិបត្តិការសន្តិសុខ ផ្អែកលើទំនុកចិត្តនិងមិត្តភាពដែលប្រទេសទាំងពីរបានកសាងជាច្រើនឆ្នាំកន្លងមក។ ភាគីទាំងពីរ បានឯកភាពធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើនីតិរដ្ឋ ក៏ដូចជា ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី រួមមាន ១. សហបង្កើតគុណតម្លៃសេដ្ឋកិច្ចនិងសង្គម ២. កិច្ចសហប្រតិបត្តិការសន្តិសុខ ៣. ការដោះស្រាយបញ្ហាឆ្លងដែន និង ៤. កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរបាន ស្វាគមន៍នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង រួមមាន «សហបង្កើតសម្រាប់គំនិតផ្តួចផ្តើមរបៀបវារៈរួម
ក្នុងវិស័យឌីជីថល ចាប់តាំងពីការបង្កើត «អភិក្រមថ្មីចំនួនបីនៃកិច្ចសហប្រតិបត្តិការ» កាលពីខែកក្កដាកន្លងទៅ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមក្នុងវិស័យទឹកនិងឌីជីថល ការតភ្ជាប់តាមផ្លូវសមុទ្រ និងសកម្មភាពមីនមនុស្សធម៌។
នាយករដ្ឋមន្ត្រីទាំងពីរ បានប្រកាសដាក់ចេញនូវ «កញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា» ដោយឯកភាពគ្ន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈ ការចូលរួមចំណែករបស់ជប៉ុនចំពោះអង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ការគាំទ ក្រុមហ៊ុនជប៉ុន ការបង្កើតគម្រោងភាពជាដៃគូរដ្ឋ-ឯកជន និងការគាំទ្រការធ្វើឱ្យរីកចម្រើនបណ្តាញទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិនានា និងបានលើកឡើងពីការ ព្រួយបារម្ភពីស្ថានភាពនៅឧបទ្វីបកូរ៉េ មីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ជាដើម។ នៅចុងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេល វេលាសមស្របខាងមុខ។ បន្ទាប់ពីការថ្លែងក្នុងសន្និសីទសារព័ត៌មានរួមរួចមក សម្ដេចធិបតី ក៏បានអញ្ជើញចូលរួម ពិសាអាហារការងារពេលល្ងាច ដែលរៀបចំដោយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីជប៉ុន។
ក្នុងឱកាសដ៏វិសេសវិសាលនៃទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុននេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន។
ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងជំនួបដាច់ដោយឡែក សម្ដេចធិបតី បាន អនុញ្ញាតជូនថ្នាក់ដឹកនាំស្ថាប័ន និងក្រុមហ៊ុនជប៉ុនលំដាប់អន្តរជាតិចំនួន ១៣ ចូលជួបសម្តែងការគួរសម ក្នុងនោះ រួមមាន សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា (JCPFL), សមាគមកម្ពុជា-ជប៉ុន (ICA),ក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាព អន្តរជាតិ, អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), វិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA), ក្រុមហ៊ុន Watami និង School Aid Japan, ក្រុមហ៊ុន KOUA SHOJI Co., Ltd., ក្រុមហ៊ុន NTT DOCOMO GLOBAL Inc.. ក្រុមហ៊ុន Minebea Mitsumi Inc.(MMI), ក្រុមហ៊ុន Japan Bank of International Cooperation (JBIC), [ns Shinto Holdings Inc. (Kitayama Shoji Col., Ltd.)និងក្រុមហ៊ុន YACHIYO Engineering Co., Ltd.។ ក្នុងជំនួបនោះ តំណាងស្ថាប័ន និងក្រុមហ៊ុននីមួយៗ បានគោរព ជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃដំណើរការការងាររបស់ខ្លួន ជាពិសេសគម្រោងពង្រឹងនិងពង្រីកវិនិយោគ ថ្មីៗបន្ថែមទៀតនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈអំណោយផល គ្រប់បែបយ៉ាងធ្វើឱ្យដំណើរការងារប្រកបដោយរលូន និងជោគជ័យ។ សម្តេចធិបតី បានប្រកាសស្វាគមន៍រាល់ការ វិនិយោគរបស់ក្រុមហ៊ុនជប៉ុន ជាមួយការបង្កលក្ខណៈងាយស្រួល ការដាក់ចេញគោលនយោបាយគាំទ្រ ព្រមទាំង
ធានានូវបរិយាកាសអំណោយផលប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង។
អំឡុងពេលស្នាក់នៅប្រទេសជប៉ុននោះដែរ សម្ដេចធិបតី បានអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែលបានសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និងធនាគារមីស៊ូហ៊ុ មានវិនិយោគិនចូលរួមចំនួនជិត ៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧។ សម្តេចធិបតី បានកត់សម្គាល់ ពីការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ខណៈការដោះដូរ ទំនិញរវាងប្រទេសទាំងពីរសម្រេចបានជាង ២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤កន្លងទៅ។ សម្ដេចធិបតី បានលើកឡើងពីសក្តានុពលក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយធុរជន និងវិនិយោគិនជប៉ុន អាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការអនុគ្រោះពន្ធរបស់កម្ពុជា។ ការវិនិយោគ នៅកម្ពុជា មិនមែនសម្រាប់តែទីផ្សារកម្ពុជាទេ ប៉ុន្តែក៏សម្រាប់ទីផ្សារតំបន់ផងដែរ។ សម្ដេចធិបតី បង្ហាញក្តីសង្ឃឹមថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ អាចលេចរូបរាងឡើងនៅ រយៈពេល ៣ឆ្នាំខាងមុខ។ សម្ដេចធិបតី ក៏បានអំពាវនាវដល់វិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា ដោយបាន លើកឡើងពីកត្តាអំណោយផលរបស់កម្ពុជា ដែលរួមមាន ស្ថិរភាពនយោបាយ អត្រាកំណើនម៉ាក្រូសេដ្ឋកិច្ច យន្តការ ថែរក្សានិងដោះស្រាយក្តីកង្វល់នានារបស់វិនិយោគិនជប៉ុន ច្បាប់វិនិយោគអំណោយផល កម្លាំងពលកម្មវ័យក្មេង និងកត្តាអនុគ្រោះពន្ធ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាដើម។ បន្ទាប់ពីវេទិកាធុរកិច្ចបានបញ្ចប់ សម្តេចធិបតី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្លាស់ប្ដូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន ២ គឺ ១. អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុង គោលបំណងជំរុញពាណិជ្ជកម្ម និងលើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជានិងជប៉ុន ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាលទាំងពីរ និង ២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងគោលបំណងកសាងភាពជាដៃគូវិនិយោគដ៏រឹងមាំនាពេលអនាគត។ នាឱកាសបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុននោះ សម្តេចធិបតី បានអញ្ជើញចូលរួមថ្លែង សុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី អនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈម របស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» ដើម្បីបង្ហាញពីទស្សនៈ និងគោលនយោបាយនៃរាជរដ្ឋាភិបាល និងការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងការជំរុញប្រទេសទៅមុខ ក្នុងដំណាក់កាលនៃការវិវឌ្ឍរបស់ពិភពលោក ប្រែប្រួល។ ក្នុងវេទិកានេះ សម្តេចធិបតី បានលើកឡើងពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលបាន ធ្វើឱ្យអ្វីៗទាំងអស់នៅក្នុងទំនាក់ទំនងអន្តរជាតិកាន់តែមានភាពស្មុគស្មាញ ចាប់ពីបញ្ហានយោបាយរហូតដល់ ពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើឱ្យ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ចុះខ្សោយ។ សម្តេចធិបតី ក៏បានចែករំលែក មេរៀនមួយចំនួនដែលកម្ពុជាធ្លាប់ឆ្លងកាត់ និងបានចាត់ទុកថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។ សម្ដេចធិបតី បានលើកឡើងក្នុងវេទិកានេះថា កម្ពុជាបាននិងកំពុងអនុវត្តនូវសកម្មភាព ចំនួន ៣ ដើម្បីថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលផ្ដោតលើប្រជាជន ក្នុងនោះរួមមាន ១. ការកែសម្រួលឧស្សាហកម្មតាមវិស័យ ២. ការកែសម្រួលគុណភាពនៃប្រព័ន្ធឧស្សាហកម្ម និង ៣. ការធ្វើឱ្យពាណិជ្ជកម្មពហុភាគីរស់រវើកឡើងវិញ និង ការជំរុញសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ។ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជាបាននិងកំពុងបង្ហាញខ្លួន យ៉ាងសកម្ម ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាពសម្រាប់វិនិយោគិន តាមួយការប្រើប្រាស់ អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផ្សេងៗ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់គ្រងដោយ ក្នុងតំបន់ (RCEP) និងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយនឹងទីផ្សារសំខាន់ៗរបស់ពិភពលោក។
ក្នុងបេសកកម្មអមដំណើរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញបដិបត្តិសមាធិតាមប្រពៃណី ព្រះពុទ្ធសាសនា នៅវត្ត Zenshoan និងពិភាក្សាគ្នាជុំវិញការបដិបត្តិសមាធិនៅកម្ពុជា និងជប៉ុន ប្រកបដោយអំណររីករាយ ស្និទ្ធស្នាល និងសទ្ធាជ្រះថ្លាជាទីបំផុត។
មុនចាកចេញពីប្រទេសជប៉ុន សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានឆ្លៀតជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សានៅប្រទេសជប៉ុនប្រមាណជាង ១៦០០នាក់។ ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីទំនាក់ទំនងកាន់តែល្អរវាងកម្ពុជា-ជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ ដែលជាកិច្ចសហប្រតិបត្តិការក្នុងកម្រិតខ្ពស់បំផុត និងដែលបានផ្ដល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់វិនិយោគិន។ សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយបញ្ចូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស ដើម្បីឆ្លើយតបតាមការចង់បានរបស់ប្រជាពលរដ្ឋ ហើយគោលនយោបាយនេះទៀតសោតផ្តល់ផលចំណេញយ៉ាងច្រើន ទាំងសេដ្ឋកិច្ច និងចំណេះជំនាញ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់សារជាថ្មីអំពីគោលនយោបាយការបរទេសកម្ពុជា ដែលមិនចាប់យកមហាអំណាចណា ឬប្រទេសណា ហើយបោះបង់ប្រទេសផ្សេងឡើយ ពោលគឺគ្រប់ប្រទេសទាំងអស់ សុទ្ធតែជាមិត្តរបស់កម្ពុជា ហើយកម្ពុជាគ្មានសត្រូវនោះឡើយ។ សម្តេច បានសម្តែងមោទនភាពដែលប្រទេសកម្ពុជា ប្រែក្លាយពីប្រទេសនាំចូលគ្រប់មុខទំនិញ ឥឡូវក្លាយជាប្រទេសផលិតទំនិញនាំចេញយ៉ាងច្រើន និងមានទាំងរោងចក ដំឡើងបង្គុំរថយន្តនិងមានដាក់ស្លាកផលិតនៅកម្ពុជាថែមទៀត។ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាជាមួយថៃនៅតំបន់មុំ៣ ខេត្តព្រះវិហារ សម្តេចធិបតី បានគូសបញ្ជាក់ពីការទទួលខុសត្រូវកម្រិតខ្ពស់របស់រាជរដ្ឋាភិបាលទាំងទិដ្ឋភាពយោធា និងនយោបាយ ដោយមិនពង្រីកទំនាស់ តែត្រៀមជាស្រេចដើម្បីយកប្រៀបឈ្នះ ក្នុងករណីមានការបំពានលើ បូរណភាពទឹកដីកម្ពុជា។ សម្តេច បានបន្តថា ការសម្ងាត់យោធាជារឿងសំខាន់ ជាពិសេសព័ត៌មានដែលប៉ះពាល់ ដល់សតិអារម្មណ៍របស់កងទ័ព ដូច្នេះការផ្សាយព័ត៌មានគួរត្រូវគិតគូរយ៉ាងល្អិតល្អន់បំផុត។ សម្តេច អំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែររួមគ្នាលើកទឹកចិត្តកងទ័ព ហើយ សម្តេច ក៏បានចោទសួរអំពីសកម្មភាពបំបែកបំបាក់កងទ័ពរបស់ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលរត់ចោលស្រុកថា តើពួកគេចង់បានអ្វី? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងខិតខំប្រឹងប្រែងដោះស្រាយ បញ្ហាដោយការពារឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕ រក្សាសិទ្ធដោយ៖សុទ្ធលី















