ព័ត៌មានក្លែងក្លាយ៖ តើ​មន្ត្រី​និង​ប្រជាជន​អាច​រួមគ្នា​បន្សាប​ព័ត៌មាន​ពាក់ព័ន្ធ​ព្រំដែន​ដោយ​របៀប​ណា?

ព័ត៌មានក្លែងក្លាយ៖ តើ​មន្ត្រី​និង​ប្រជាជន​អាច​រួមគ្នា​បន្សាប​ព័ត៌មាន​ពាក់ព័ន្ធ​ព្រំដែន​ដោយ​របៀប​ណា?

ព័ត៌មាន​ក្លែង​ក្លាយជា​ប្រធានបទ​ដែល​ប្រមុខ​រាជរ​ដ្ឋា​បាល​​ ដែល​តំណាង​ដោយ​ស្ថាប័ន​នី​តិ​ប្រតិបត្តិ និងប្រមុខ​ស្ថាប័ន​និ​តិ​បញ្ញត្តិ តែងតែ​យកចិត្តទុកដាក់ ​និង​លើក​ឡើងជា​ប្រចាំ សូ​ម្បី​តែ​ពាក់ព័ន្ធ​នឹង​រឿង​បញ្ហា​តានតឹង​នៅ​ព្រំដែន​ដែល​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ​២០២៥ ​។

រឿង​ព្រំដែន ​គឺជា​រឿង​ធំ​ហើយ​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន ​។ ដូច្នេះ វា​ចាំបាច់​ត្រូវ​តែ​ធានា​អោយ​បាន​ថា ​ព័ត៌មាន​ពិត​ត្រូវ​បាន​ផ្សព្វផ្សាយ​អោយ​បាន​លឿន​ជាង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បន្សាបពិស​របស់​វា​ ។


សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត តែង​តែង​សង្កត់ធ្ងន់​បញ្ហា​នេះ ហើយ​សូ​ម្បី​តែ​នៅ​ក្នុង​ពេល ជួបជុំ​ជាមួយនឹង​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ទី ០៣ ខែឧសភា ថ្មី​ៗ​នេះ ​ក៏​បាន​លើក​ឡើង​លើ​បញ្ហា​នេះ និង​បាន​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​អ្នក​សារព័ត៌មាន​លើកកម្ពស់​វិជ្ជាជីវៈ ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែរ ។

ដោយឡែក​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក៏​បាន​លើក​ជា​ប្រចាំ​ដែរ ហើយ​ថ្មី​ៗ​នេះ​ពាក់ព័ន្ធ ការ​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា និង​ថៃ នៅ​ព្រំដែន នា​តំបន់​មុំ​បី​ខេត្តព្រះវិហារ សម្តេច​តេ​ជោ​ក៏​បាន​សង្កត់ធ្ងន់ លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផង
​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឱ្យ​ជនរួមជាតិ​ស្ងប់ចិត្ត ហើយ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋា​ភិ​បាល និង​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​តាម​រយៈ​ការ​ចរចាជាង​ការ​ដោះស្រាយ​ដោយ​កម្លាំងប្រដាប់អាវុធ​ ។

សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែល​អាច​រុញ​ឱ្យ​ផ្ទុះ សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​ ។ ក្រៅពី​ថ្នាក់ដឹកនាំ​កំពូល ខាង​ក្រសួង​ព័ត៌មាន ក៏​បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់​ដែរ​ លើ​ការ​ប្រយុទ្ធនឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ ដោយ​ថែម​ទាំង​ប្រកាស​នូវ​យុទ្ធនាការ​មួយ​ផង​ដែរ​នៅ​ក្នុង​ខែឧសភា​នេះ​។

ប៉ុន្តែ​តើ​ត្រូវ​បន្សាប​ព័ត៌មាន​ក្លែង​ង​ក្លាយ​ដោយ​របៀប​ណា?
ចម្លើយ​ចំំ​ពោះ​សំណួរ​នេះ វា​នឹង​តម្រូវ​អោយ​ទាំង​មន្ត្រី​ និង​ប្រជាជន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពិត​អោយ​លឿន និង​បាន​ច្រើន​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​។ នៅ​ពេល​ដែល​ព័ត៌មាន​ពិត​ត្រូវ​បាន​បញ្ចេញ​យ៉ាង​ទាន់​ពេលវេលា​នោះ ព័ត៌មាន​បែប​ច​ចាម​អារ៉ាម ឬ​ក៏​ព័ត៌មាន​ក្លែងក្លាយ​នឹង​មិន​មានឱកាស ​ដើម្បី​ជ្រៀប​ចូល​ដល់​ខួរក្បាល​របស់​ប្រជាជន​ឡើយ​។

ក្នុង​ន័យ​នេះ វា​ចាំបាច់​ដែល​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​ និង​ទំនាក់​សាធារណ​:​បញ្ចេញ​ព័ត៌មាន​ពិត​អោយ​បាន​រហ័ស​។ នៅ​ក្នុង​ស្ថានភាព​វិបត្តិ​ ឬ​ក៏​សំខាន់ វា​នឹង​រឹតតែ​មាន​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ជូន​ដល់​ប្រជាជន​អោយ​បាន​រហ័ស។ មន្ត្រី​រដ្ឋាភិបាល​ត្រូវ​យល់​ដឹង​អំពី​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​ទំនាក់ទំនង​សាធារណ​:​នៅ​គ្រា​ហ៍មាន​វិបត្តិ ហើយ​បង្កើត​ជា​ក្រុម​មួយ​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​សាធារណ​:​អោយ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ស្ថានភាព​សំខាន់​ដែល​ទាមទារ​អោយ​ប្រជាជន​ទទួល​ព័ត៌មាន​ពិត​អោយ​បាន​ទាន់​ពេលវេលា​។

ចំណែក​ប្រជាជន​ក៏​គួរ​ចូលរួម​ចែករំលែក​ព័ត៌មាន​ពិត​នេះ ​ហើយ​ក៏​ត្រូវ​មានការ​យល់​ដឹង​ថា អ្វី​ជា​ព័ត៌មាន​ពិត ​និង​អ្វី​ជា​ព័ត៌មាន​មិន​ពិត​។ ដើម្បី​ដឹង​ថា​ ព័ត៌មាន​ណាមួយ​ពិត​ ឬ​មិន​ពិត គេ​ត្រូវ​មើលទៅ​លើ​ប្រភព​នៃ​ការ​ផ្តល់​ព័ត៌មាន​នោះ​ ។ ឧទាហរណ៍​ដូច​ជា ព័ត៌មាន​នោះ​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​មាន​វិជ្ជាជីវ​:​ និង​ចុះបញ្ជី​ផ្លូវការ​ត្រឹមត្រូវ​ជាដើម វា​នឹង​ជា​ព័ត៌មាន​ពិត ពីព្រោះ​សារព័ត៌មាន​វិជ្ជាជីវ​:​តម្រូវ​អោយ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត​ប៉ុណ្ណោះ​។

ចំណែក​អ្វី​ដែល​ចេញ​ដោយ​ប្រភព​ផ្លូវការ​ ដូច​ជា មេដឹកនាំ ស្ថាប័នរដ្ឋ ឬ​អ្នក​នា​ពាក្យ​ស្ថាប័នរដ្ឋ ជា​ដើម្បី​ក៏​ជា​ព័ត៌មាន​ពិត​ផង​ដែរ​ ។ ផ្ទុយ​មក​វិញ ព័ត៌មាន​ដែល​បញ្ចេញ​ដោយ​ប្រភព​មិន​ច្បាស់លាស់ វា​នឹង​អាច​ជា​ព័ត៌មាន​ក្លែងក្លាយ​ដែល​គេ​បង្កើត​ឡើង​ ដើម្បី​បំពុលសង្គម​ ឬ​ក៏​ដើម្បី​លាភ​សក្ការ​:​ប៉ុណ្ណោះ​ ។

ជា​ទូទៅ​ ព័ត៌មាន​ក្លែងក្លាយ​វា​ត្រូវ​បន្សាប​ដោយ​ព័ត៌មាន​ពិត ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​ព័ត៌មាន​ពិត សម្រាប់​បន្សាប​នោះ វា​យឺត​ពេក​នោះ វា​នឹង​មិន​អាច​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​បាន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​ ។

សរុប​ទៅ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ព្រមទាំង​ប្រជាជន​ត្រូវ​ចូលរួម​យុទ្ធនាការ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ព័ត៌មាន​ក្លែងក្លាយ ពីព្រោះ​ព័ត៌មាន​ក្លែងក្លាយ​អាច​មាន​ចេតនា​អាក្រក់​ដែ​លា​អាច​បំផ្លាញ​ដល់​ប្រយោជន៍​របស់​ប្រជាជន​និង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles