កិច្ចការពារកុមារ៖ សម្តេច ហ៊ុន ម៉ាណែត ចេញសារលិខិតអំពាវនាវក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ ខួបលើកទី២៤ទិវាប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជាឆ្នាំ២០២៥

កិច្ចការពារកុមារ៖ សម្តេច ហ៊ុន ម៉ាណែត ចេញសារលិខិតអំពាវនាវក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ ខួបលើកទី២៤ទិវាប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជាឆ្នាំ២០២៥


ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
បានចេញសារលិខិតក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក កម្ពុជា និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និង គាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះ។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញនូវឆន្ទៈ មោះមុតនិងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តឱ្យ បងប្អូនជនរួមជាតិយើង រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍ កុមារនៅកម្ពុជា។
ឆ្នាំនេះ ទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «បញ្ឈប់អំពើ ហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា ជាការពិតណាស់ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្ត ទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ
សក្ដានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។
រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញនិងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើកកម្ពស់សិទ្ធិនិងឧត្តម ប្រយោជន៍របស់កុមារ ដោយធ្វើឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាពនិងគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួម យ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់កម្រិត។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់ សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ។ ក្នុងនោះ អត មរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះគួរឱ្យកត់សម្គាល់ ដែលជា ការពន្លឿនវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ចំពោះវិស័យ អប់រំ រាជរដ្ឋាភិបាលបានបង្កើនការចូលរៀនប្រកបដោយសមធម៌និងបរិយាបន្ននៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំ មូលដ្ឋានរយៈពេល៩ឆ្នាំ រួមទាំងវិធានការលើកកម្ពស់គុណភាពនិងការឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់ វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវា អប់រំគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយកិច្ចការពារកុមារនៅតាមសាលារៀន ការអប់រំបែបវិជ្ជមាន និងលុបបំបាត់អំពើហិង្សានៅគ្រប់កម្រិត។ លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិគាំពារសង្គមនិងកំពុងជំរុញការអនុវត្តគោលនយោបាយនេះ ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។ តាមរយៈប្រព័ន្ធជំនួយសង្គម បានផ្ដល់ការគាំពារ ដល់ប្រជាជនដែលរស់នៅក្រោមនិងក្បែរបន្ទាត់នៃភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងជនចាស់ជរាគ្មានទីពឹង។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមាន ពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាដែលមានអាយុ៦០ឆ្នាំឡើង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនផ្ទុក មេរោគអេដស៍និងជំងឺអេដស៍។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្នុងការបណ្តុះបណ្តាលវិជា្ជជីវៈដល់យុវជននៃគ្រួសារដែលមានបណ្ណសមធម៌ កម្មវិធីគាំទ្រការបង្កើតមុខរបរដល់គ្រួសារ
ក្រីក្រ។ កម្មវិធីទាំងអស់នេះ គឺជាកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយ ភាពក្រីក្រ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើវិស័យការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាល វិជ្ជាជីវៈ តាមរយៈការដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន១០ចំណុច រួមមាន (១) ការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ (២) ការពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម (៣) កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ (៤) ការជំរុញការអនុវត្ត កាតព្វកិច្ចហ្វឹកហ្វឺនកូនជាង (៥) ការឧបត្ថម្ភថវិកាដល់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ (៦) ការជំរុញយុទ្ធនាការ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ (៧) ការបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍នៅតាមតំបន់ដែលមាន រោងចក្រ (៨) ការកែលម្អកន្លែងហូបបាយឬអាហារដ្ឋាននៅតាមរោងចក្រ (៩) ការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និង(១០) កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ សំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារនិងបង្កើនប្រាក់ចំណូល សិទ្ធិសេរីភាពនិងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គមនិងអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករនិយោជិតនិងក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវចលនា ប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករនិយោជិតនិងនិយោជក ចូលរួមអនុវត្តដើម្បីបង្កើតបានវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយភាពក្នុង ទំនាក់ទំនងវិជ្ជាជីវៈនិងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស ដោយកំណត់លក្ខណវិនិច្ឆ័យ «មិនមានការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» ជាវិញ្ញាបនបត្រអនុលោមភាពមួយសម្រាប់ជាលក្ខខណ្ឌកំណត់ថា សហគ្រាសមួយ អាចទទួលបានពានសហគមន៍សុខសាន្តប្រចាំឆ្នាំ។

បើតាមសម្តេចធិបតី , បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលនេះបានផ្លាស់ប្តូរកម្ពុជាពីប្រទេសដែលមាន ចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ ហើយក៏បាននាំឱ្យកម្ពុជាខិតកាន់ត ជិតទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ កំណើនដ៏លឿននេះគឺជាការរួមចំណែកពីវឌ្ឍនភាពនៃគ្រប់វិស័យទាំងអស់។ អំពើហិង្សាលើកុមារគឺជាបញ្ហាដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។ ការថែរក្សានិងការពារ សុវត្ថិភាពកុមារគឺជាកាតព្វកិច្ចរួមគ្នារបស់យើងទាំងអស់គ្នា។ ទោះបីជាយើងបានបោះជំហានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវ យ៉ាងឆាប់រហ័សក៏ដោយ ក៏អំពើហិង្សាលើកុមារនៅតែបន្តកើតមានគួរឱ្យកត់សម្គាល់។ កុមារកម្ពុជាជាច្រើន បាននិង កំពុងប្រឈមនឹងអំពើហិង្សាជាប្រចាំ ដូចជាអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ។ អំពើទាំងអស់នេះ មិនត្រឹមតែបំផ្លាញសេចក្តីសុខរបស់កុមារប៉ុណ្ណោះទេ វាអាចប៉ះពាល់ដល់អនាគត សេដ្ឋកិច្ច និងធនធានមនុស្សនៅ
កម្ពុជាផងដែរ។
ដោយមើលឃើញអំពីបញ្ហាប្រឈមនិងផលប៉ះពាល់ទាំងអស់នេះ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពី សិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងលិខិតូបករណ៍ អន្តរជាតិមួយចំនួនទៀត រួមមាន អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការងារ នៅឆ្នាំ១៩៩៩ ពិធីសារបន្ថែមស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារនៅឆ្នាំ២០០២ ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធនៅឆ្នាំ២០០៤ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្ម កុមារនៅឆ្នាំ២០០៥ និងអនុសញ្ញាក្រុងឡាអេស្ដីពីការការពារកុមារនិងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧។ លើសពីនេះទៀត ក្នុងបរិបទជាសាកល រាជរដ្ឋាភិបាលបានចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្ដីថ្លែងការណ៍ វីប្រូធិក (WePROTEC) នៅទីក្រុងអាប៊ុយដាប៊ី ក្នុងឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការកេងប្រវញ្ចនិង ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងបានចូលរួមអនុម័តលើសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យរដ្ឋ ជាសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពីការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបាន ចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបាត់អំពើហិង្សាលើកុមារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈមនិងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងបានរៀបចំផែនការ អនុវត្តជាពីរដំណាក់កាល ដែលបច្ចុប្បន្នយើងកំពុងអនុវត្តផែនការដំណាក់កាលទី១ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៥។ ផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ឆ្នាំ២០១៦-២០២៥ គឺជាត្រីវិស័យតម្រង់ទិសដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរចំពោះ បញ្ហាពលកម្មកុមារនៅប្រទេសកម្ពុជា និងផ្ដល់ជាកម្លាំងចលករជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបាន គោលដៅអភិវឌ្ឍសកលប្រកបដោយចីរភាព ឆ្នាំ២០១៥-២០៣០ ដែលកំណត់បញ្ចប់គ្រប់ទម្រង់នៃពលកម្មកុមារ នៅឆ្នាំ២០២៥។ កន្លងមក ក្រសួង ស្ថាប័នពាក់ព័ន្ធបានអនុវត្តផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារបាននិងកំពុងរៀបចំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់និងឆ្លើយតបអំពើ ហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ការបញ្ឈប់អំពើហិង្សាលើកុមារ មិនមែនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតឯង នោះទេ គឺត្រូវការការចូលរួមពីគ្រួសារ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសង្គមជាតិទាំងមូល។ ទន្ទឹមនឹងនោះដែរ ឪពុកម្ដាយ អាណាព្យាបាល អ្នកមើលថែទាំកុមារ ត្រូវយល់ដឹងអំពីសិទ្ធិកុមារ និងវិធីសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមាន។
ឆ្លៀតក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្រ្តី បានស្នើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់បន្ត ពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំង ចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាព ផ្សេងៗទៀត។
សម្តេចហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានី ខេត្ត គណៈកម្មការ ការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និង សហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួល ខុសត្រូវខ្ពស់ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ។

ក្នុងស្មារតីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដូចតទៅ៖
១- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារត្រូវបន្តការសម្របសម្រួលនិងពង្រឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកិច្ចការពារកុមារជាមួយក្រសួង ស្ថាប័ន
ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ឱ្យបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។
២- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា និងផែនការសកម្មភាពជាតិស្ដីពីការបង្ការ
ទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ឱ្យបានឆាប់រហ័ស។
៣- ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គម ចំពោះអំពើហិង្សាលើកុមារ តាមរយៈការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានលើកុមារគ្រប់ទម្រង់ ឱ្យបានសមស្របនិងទាន់ពេលវេលា។
៤- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ត្រូវយក ចិត្តទុកដាក់លើកកម្ពស់សិទ្ធិកុមារនិងពិគ្រោះយោបល់ជាមួយកុមារ រាល់ពេលរៀបចំច្បាប់ គោលនយោបាយ និងលិខិត បទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេ។
៥- ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារ អំពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់ បែបយ៉ាង និងត្រូវធ្វើឱ្យកុមារអាចយល់ដឹងអំពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេ។
៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្ត តាមដាន និងអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើម្បី លុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្សព្វផ្សាយ អំពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចការងារ
ដើម្បីធានាលក្ខខណ្ឌការងារលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ព្រមទាំងកៀរគរ ធនធាន និងចលនាសាធារណជនក្នុងការកំណត់វិធានការដោះស្រាយបញ្ហាពលកម្មកុមារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
៧- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ របស់រដ្ឋនិងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ ការទប់ស្កាត់អំពើហិង្សាលើកុមារ ការកេងប្រវញ្ចនិងរំលោភ បំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារគ្រប់រូបភាព ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្ម វិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

៨- បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការ មិនមែនរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបឱ្យបានសមស្របនិងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សាលើកុមារគ្រប់ទម្រង់និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា។
៩- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍ រៀបចំពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles