ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ ការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីសម្លាប់ជនស៊ីវិលយ៉ាងតិច២នាក់នៅអ៊ុយក្រែន

ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ ការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីសម្លាប់ជនស៊ីវិលយ៉ាងតិច២នាក់នៅអ៊ុយក្រែន


ទី​ក្រុង​កៀវ​៖ រុស្ស៊ី​នៅ​ពេល​នេះ​ប្រើ​យុទ្ធ​សាស្ត្រ​វាយ​ផង និង​ចរ​ចា​ផង​។ ខណៈ​ដែល​ខ្លួន​ និង​អ៊ុយ​ក្រែន​ត្រៀម​ជួប​គ្នា​ជា​ថ្មី​នៅ​តួក​គី​នា​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ រុស្ស៊ី​ឆ្លៀត​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​ដ្រូន និង​មីស៊ីល​ទៅ​លើ​ទី​ក្រុង​តូច​-ធំ​នានា​​កាល​ពី​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២​នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​គេ​មិន​ទាន់​ច្បាស់​ថា​​តើ​​អ៊ុយ​ក្រែន​នឹង​យល់​ព្រម​ជួប​គ្នា​ដែរ​ឬ​ទេ​។ អ៊ុយ​ក្រែន​​យល់​ព្រម​ជួប​គ្នា​លុះ​ត្រា​តែ​​​រុស្ស៊ី​​​បញ្ជូន​លក្ខ​ខណ្ឌ​ទៅ​ឱ្យ​ខ្លួន​​ពិនិត្យ​មើល​ជា​មុន​សិន​។

​នៅក្នុង​ចំណោម​ដ្រូន​១០៩​គ្រឿង និង​មីស៊ីល​៥​គ្រាប់​នោះ អ៊ុយ​ក្រែន​បាញ់​ធ្លាក់​៤២​គ្រឿង​ និង​៣​គ្រាប់​។ នេះ​បើ​តាម​ការ​អះ​​អាង​របស់​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​​។ ដោយ​ឡែក ដ្រូន​៣០​គ្រឿង​ទៀត​វង្វេង​វង្វាន់​នៅ​លើ​អាកាស​ មិន​អាច​វាយ​ប្រហារ​គោល​ដៅ​ចុង​ក្រោយ​បាន​ឡើយ​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​នោះ ម្នាក់​ជា​កុមារី​អាយុ​៩​ឆ្នាំ​រស់​នៅ​ភូមិ​ដូលីន​កា​ (Dolynka) នៃ​តំបន់​ហ្សា​ប៉ូរីហ្សៀ​ (Zaporizhzhia)។ ក្រៅ​ពី​នេះ កុមារី​ជំទង់​ម្នាក់​ទៀត​វ័យ​១៦ឆ្នាំ​ត្រូវ​របួស​។

អភិបាល​តំបន់​ហ្សា​ប៉ូរី​ហ្សៀ​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​បំផ្លាញ ខណៈ​ដែល​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត​មិន​ដល់​ថ្នាក់​ខូច​ខាត​ទាំង​ស្រុង​​ទេ​ ប៉ុន្តែ​ក៏​រង​ការ​ខូច​ខាត​ខ្លះ​ៗ​ដោយ​សារ​កម្លាំង​ផ្ទុះ​នៃ​អំបែង​គ្រាប់​។ រថ​យន្ត​ជា​ច្រើន​គ្រឿង​ក៏​រង​ការ​ខូច​ខាត​ផង​ដែរ​។ ជន​រង​គ្រោះ​ម្នាក់​ទៀត​ជា​បុរស​រស់​នៅ​តំបន់​ខឺសុន​ (kherson) ស្លាប់​ដោយ​សារ​អំបែង​​គ្រាប់​ធ្លាក់​លើ​។

​បើ​គេ​ស្ដាប់​ពី​ខាង​ភាគី​​​រុស្ស៊ី​វិញ​ម្ដង​ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​កង​ទ័ព​របស់​ខ្លួន​ទើប​តែ​វាយ​យក​បាន​ភូមិ​​ឈ្មោះ​ណូវ៉ូពីល​ (Novopil) នៅ​តំបន់​ដូ​ញ៉ែត​ (Donetsk) និងភូមិ​ឈ្មោះ​វ៉ូដូ​ឡាហ៊ី (Vodolahy) ​នៅ​តំបន់​ស៊ូមី (Sumy)។ អាជ្ញា​ធរ​នៅ​ស៊ូមី​ចេញ​បញ្ជា​ឱ្យ​​ជម្លៀស​ប្រជា​ជន​​ជា​បន្ទាន់​ចេញ​ពី​ទី​តាំងចំនួន​​១១​កន្លែង​ព្រោះ​កង​ទ័ព​រុស្ស៊ី​វាយ​សម្រុក​កាន់​តែ​កៀក​ខ្លាំង​មែន​ទែន​។​​

លោកហ្សេ​ឡិនស្គី​ថ្លែង​ថា​រុស្ស៊ី​ថ្មី​ៗ​នេះ​បាន​ចល័ត​កង​ទ័ព​៥​ម៉ឺន​នាក់​ទៅ​តំបន់​នោះ​ដើម្បី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​។ អគ្គ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែន​ថ្លែង​ថា​កង​ទ័ព​រុស្ស៊ី​ដាក់​ផែន​ការ​ចង់​វាយ​យក​តំបន់​ផូក​រ៉ូស (Pokrovsk), ថូរេត (Toret) និង​លី​ម៉ាន (Lyman) ដែល​មាន​មូល​ដ្ឋាន​នៅ​ដូញ៉ែត​។ ក្រៅ​ពី​នេះ លោក​ថ្លែង​ថា​រុស្ស៊ី​ក៏​បាន​ចល័ត​​កង​ទ័ព​ចូល​​តំបន់​ស៊ូមី​ផង​ដែរ​៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles