រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនមុខសញ្ញាលួចរថយន្ត៣ នាក់ក្នុងនោះមានម្នាក់ជាអ្នកទទួលទិញផលចោរកម្ម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ពន្ធពីបទ.លួ ចដោយមានស្ថានទម្ងន់ទោស ដែលក្នុងនោះមានម្នាក់សង្ស័យជាប់សាច់ឈាមលោកអធិការខណ្ឌផងដែរ ។
សំណុំរឿងនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរលើជនសង្ស័យ២ នាក់ ពីបទ.លួច ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងម្នាក់ពីបទ.ទទួលផលចោរកម្ម ។
ជនសង្ស័យទាំង៣ នាក់មាន ៖
១.ឈ្មោះ លៀក ចាន់សុភាព ភេទប្រុស អាយុ៤៥ ឆ្នាំ ។
២.ឈ្មោះ គង់ វុត្ថា ភេទប្រុស អាយុ៤២ ឆ្នាំ ។
៣.ឈ្មោះ ដាំ ធូ ភេទប្រុស អាយុ៤៣ ឆ្នាំ ។
ទាក់ទិនករណីខាងលើនេះ សមត្តកិច្ចបានបង្ហើបឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ០៤ និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៥ ករណីចោរលួចរថយន្ដមួយគ្រឿងម៉ាក GAC GN8 ស៊េរីឆ្នាំ 2025 ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC- 3260 នៅចំណុចមុខផ្ទះលេខ73 បុរី90 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ស៊ួន ស្រីណែត ភេទស្រី អាយុ ២៦ ឆ្នាំ ។ ក្រោយកើតមានអំពើចោរកម្មនោះលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅស្នងការរងទទួលផែនព្រហ្មទណ្ឌ ឲ្យកម្លាំងការិយាល័យជំនាញចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីវែកមុខសញ្ញាលួចរយន្តនោះ ។ ដោយមានការដឹកនាំផ្ទាល់ពីលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានតាមប្រមា ញ់មុខសញ្ញាលួចរថយន្ត ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័ យជាបន្តបន្ទាប់ចំនួន៣ នាក់ ក្នុងនោះមានម្នាក់ជាអ្នកទទួលទិញផលពីចោរកម្ម និងដកហូតវត្ថុតាងរថយន្តមួយគ្រឿងជាកម្មសិទ្ធរបស់ជនរងគ្រោះផងដែរ ។
តាមការស្តាប់ចម្លើយជនសង្ស័យនៅសមត្តកិច្ចបញ្ជាក់ថា ដំបូងឈ្មោះ លៀក ចាន់សុភាព បានក្លែងដាក់ឈ្មោះ សុខ ចាន់ដារ៉ា ហើយបានទៅស៊ីឈ្នួលបើកឡានឲ្យថៅកែចិនជាប្តីរបស់ស្ត្រីរងគ្រោះ ក្នុងរយៈពេលកំពុងធ្វើតៃកុងឡានឲ្យថៅកែចិន ជនសង្ស័យ លៀក ចាន់សុភាព បានលួចចម្លងសោរឡានទុក ក្រោយពេលជនសង្ស័យលួចចម្លងសោររថ យន្តទុកហើយ នៅបន្តធ្វើតៃកុងឡានដដែល ប៉ុន្តែមិនទាន់បានមួយខែផង ជនសង្ស័យក៏សុំឈប់បើកបររថយន្តឲ្យថៅកែចិននោះ ។ លុះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យបានទៅជួបបក្ខពួករបស់គេឈ្មោះ គង់ វុត្ថា ហើយក៏ចាប់ផ្តើមនាំគ្នាទៅធ្វើសកម្មភាពលួចរថយន្ត វេលាម៉ោង៤កន្លះទៀបភ្លឺ ដែលម្ចាស់ចតទុកនៅមុខផ្ទះ ។
ចម្លើយជនសង្ស័យបន្ថែមថា ពេលលួចបានសម្រេចហើយ មើលក្នុងរថយន្តនោះក៏ឃើញមានឯកសារគ្រប់គ្រាន់ ក៏ប្រញ៉ាប់ប្រញ៉ាល់យករថយន្តទៅលក់ឲ្យឈ្មោះ ដាំ ធូ (ជាអ្នកទទួលទិញផលចោរកម្ម) ក្នុងតម្លៃប្រមាណ ២ម៉ឺនដុល្លារអាមេរិក ដែលខុសប្រក្រតីពីតម្លៃទីផ្សារ ដល់ថ្ងៃទី២៦ ខែឧសភា ក៏ត្រូវបានសមត្តកិច្ចឃាត់ខ្លួនទាំងអ្នកលួច និងអ្នកទិញរថយន្តផលចោរកម្មទាំង៣ នាក់តែម្តងទៅ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
ទីបំផុតនៅថ្ងៃទី៣១ ខែឧសភា ចៅក្រមស៊ើបស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យទាំង៣ នាក់ ដាក់ពន្ធនាគារម១ ព្រៃសជាបណ្តោះអាសន្ន ដើម្បីរង់ចាំជំនុំជម្រះលើអង្គសេចក្តីទាំងមូល ៕






