រាជធានីភ្នំពេញ ៖ ថ្លែងពីប្រទេសជប៉ុន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កន្លែងទាហានឈ្លានពានថៃ លួចឆ្មក់បាញ់ទាហានខ្មែរ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ គឺជាដែនអធិបតេយ្យភាពរបស់ខ្មែរ ហើយទីតាំងនេះ ត្រូវបានទាហានខ្មែរ ដណ្តើមបានមកវិញហើយ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុនប្រមាណ ១,៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា «កន្លែង ដែលទាហានឈ្លានពានថៃលួចឆ្មក់ បាញ់ទាហានខ្មែរ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ត្រូវបានទាហានខ្មែរយើងដណ្តើមទីតាំងបានមកវិញហើយ ខណៈទីតាំងនេះ គឺជាដែនអធិបតេយ្យភាពរបស់ខ្មែរ» ។
សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ការបោះបង្គោលខណ្ឌសីមាព្រំដែន យើងត្រូវការគណៈកម្មាធិការព្រំដែន រវាងប្រទេសទាំងពីរ ហើយយោធា ឬកងទ័ព មិនអាចកំណត់ព្រំដែន តាមរយៈកងកម្លាំងវ៉ៃគ្នានោះទេ» ។
ជាមួយគ្នានោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបន្តថា «បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលយើងត្រូវអត់ធ្មត់ ខិតខំប្រឹងប្រែងដោះស្រាយតាមផ្លូវច្បាប់ និងផ្លូវការទូត» ។
ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេកងទ័ព កុំថតបង្ហោះ នូវការចល័តកងទ័ព ការត្រៀមយុទ្ធោបករណ៍(សម្ភារយោធា)នានា នៅលើបណ្ដាញសង្គមនានា ព្រោះនេះជាការសម្ងាត់របស់កងទ័ព ។
បើតាមសម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា ការថតបង្ហោះអំពីស្ថានភាព ទីតាំង ឬចល័តទ័ពរបស់កម្ពុជា ស្មើនឹងឱ្យភាគីម្ខាងទៀតអង្គុយរាប់ទៅហើយ មិនចាំបាច់ស៊ើបសង្កេតឡើយ ព្រោះថា កាំភ្លើងនីមួយៗ សុទ្ធតែមាន GPS ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា «ចឹងខ្ញុំ សូមអំពាវនាវឱ្យបងប្អូន ជាពិសេសកងទ័ពរបស់យើង ព័ត៌មាន.. ព្រោះឥឡូវ ទ័ពនីមួយៗសុទ្ធស្មាតហ្វននៅព្រំដែន។ ព្រំដែនរបស់យើង កន្លែងច្រើនសុទ្ធតែមាន 3G 4G ការបង្ហោះព័ត៌មានអីនេះ។ ម្សិលមិញ ថៃ ក៏មានការណែនាំ មិនឱ្យបញ្ចេញសព្វាវុធ។ រឿងគោលការណ៍កងទ័ពលាក់ការ ទីតាំងឈរជើង អាវុធ សម្ភារៈ ។ ប៉ុន្ដែដើម្បីអីបងប្អូន យើងត្រៀមលក្ខណៈដើម្បីអី គោលដៅធំរបស់យើង ទីមួយ ការពារអធិបតេយ្យភាព បូរណភាពរបស់យើងគ្រប់វិធីវិសាស្ដ្រ ដើម្បីបញ្ជៀសពីសង្គ្រាម តែយើងត្រូវការពារទឹកដី តែជៀសមិនបាន ត្រូវវ៉ៃឱ្យឈ្នះ ហើយការពារអាយុជីវិតទាហានរបស់យើងឱ្យបាន នេះជាគោលដៅរបស់យើង» ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី បន្ដថា តួនាទីភារកិច្ចរបស់កងទ័ពខុសៗគ្នា កងទ័ពសម្រាប់វ៉ៃលុក ថ្មើរជើង កងទ័ពសម្រាប់ឧបត្ថម្ភគ្រប់គ្រងស្បៀងអាហារ កងទ័ពសម្រាប់អន្តរាគមន៍។ រាជរដ្ឋាភិបាល បានគិតគូរចំពោះសុខទុក្ខកងទ័ពតាំង ពីដើមតរៀងមករហូតដល់បច្ចុប្បន្ន ៕









