ខេត្តកណ្តាល ៖ ផ្ទះឈើចំនួន០២ខ្នង ព្រមទាំងទ្រព្យសម្បត្តិជាច្រើននៅក្នុងផ្ទះ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ត្រឹមតែរយៈពេលជាង១ម៉ោងប៉ុណ្ណោះ ។
គ្រោះអគ្គិភ័យនេះ បានកើតទ្បើងកាលពីវេលាម៉ោង០៣ និង៣០នាទីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ៖
-ម្ចាស់ផ្ទះទី០១មានឈ្មោះ ប៊ុត ឡាយ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ កសិករ ផ្ទះទំហំ០៥ម៉ែត្រ x ០៧ម៉ែត្រ ប្រភេទដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារបន្ទះ (ខូតខាតទាំងស្រុង) ។
-ម្ចាស់ផ្ទះទី០២មានឈ្មោះ ប៊ុត ពូន ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរ កសិករ ផ្ទះទំហំ០៥ម៉ែត្រ x ០៨ម៉ែត្រ ប្រភេទដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារបន្ទះ (ខូតខាតទាំងស្រុង) ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង០២គ្រួសារ មិនបាននៅផ្ទះទេ ដោយបានចាក់សោពីខាងក្រៅ រួចក៏នាំគ្នាទៅចំការអស់ លុះរហូតមកដល់វេលាម៉ោង០៣និង៣០នាទីល្ងាចថ្ងៃដដែល ស្រាប់តែបងប្អូនប្រជាពលរដ្ឋបានដើរឆ្លងកាត់ ស្រាប់តែក្រឡេកឃើញមានផ្សែងខ្មៅ លាយឡំជាមួយអណ្តាតភ្លើង ឆេះរាលដាលចេញពីសសរកណ្ដាលផ្ទះ របស់ឈ្មោះ ប៊ុត ឡាយ ចេញមកខាងក្រៅ យ៉ាងសន្ធោសន្ធៅ រួចក៏បន្តឆេះរាលដាលទៅដល់ឈ្មោះ ប៊ុត ពូន ភ្លាមៗនោះពួកគាត់បានស្រែកឆោឡោឲ្យអ្នកភូមិនាំគ្នាជួយយកទឹកដើម្បីពន្លត់ តែ ដោយទប់ទល់ មិនបានទើបប្រញាប់រាយការណ៍ ជូនសមត្ថកិច្ច ឲ្យជួយចុះមកអន្តរាគមន៍ ដើម្បីកុំឲ្យមានការរាលដាលកាន់តែ ខ្លាំងដល់ផ្ទះដទៃទៀត ។
បន្ទាប់ពីទទួលបានដំណឹង ថាមានករណីអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យរថយន្តបង្ការអគ្គិភ័យពន្លត់ និងសង្គ្រោះ ចេញរថយន្តទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យផងដែរ។ ដោយក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ចំនួន០១គ្រឿង ទើបគ្រប់គ្រងបាន និងរលត់ជាស្ថាពរ នៅវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃដដែល។ ចំពោះមូលហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ គឺបណ្តាល មកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ៕



