ឧបករណ៍ហាត់ប្រាណថ្មី៖ ខេត្តតាកែវ បំពាក់នៅសួនច្បារមាត់បឹងតាកែវ តាមសំណូមពរប្រជាពលរដ្ឋ

ឧបករណ៍ហាត់ប្រាណថ្មី៖ ខេត្តតាកែវ បំពាក់នៅសួនច្បារមាត់បឹងតាកែវ តាមសំណូមពរប្រជាពលរដ្ឋ

(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ រៀបចំតម្លើងឧបករណ៍ហាត់ប្រាណនៅសួនច្បារមាត់បឹងតាកែវ ក្រោយពីប្រជាពលរដ្ឋបានស្នើសុំ។

អាជ្ញាធរខេត្តតាកែវនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំតម្លើងឧបករណ៍ ហាត់ប្រាណនៅសួនច្បារមាត់បឹងតាកែវ បន្ថែមពីការតម្លើងឧបករណ៍ក្មេងលេង «Playground» ដែលអាជ្ញាធរខេត្ត ទើបតែតម្លើងកាលពីពេលថ្មីៗកន្លងមកនេះ។

បើយោងតាមមន្រ្តីសាលាខេត្តតាកែវ ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង បានណែនាំដល់មន្រ្តីសាលាខេត្ត ឱ្យរៀបចំតម្លើងឧបករណ៍ហាត់ប្រាណនេះ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ដែលតែងតែដើរហាត់ប្រាណនៅមាត់បឹងតាកែវ បានស្នើសុំដល់អាជ្ញាធរខេត្តជួយដាក់ឧបករណ៍ហាត់ប្រាណ នៅសួនច្បារមាត់បឹងតាកែវ ដើម្បីឱ្យពួកគាត់អាច ហាត់ប្រាណដោយឧបករណ៍គ្រឿងម៉ាស៊ីនបន្ថែមពីការហាត់ប្រាណដោយដើរថ្មើជើង។

គួបញ្ជាក់ថា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យមកលេងកម្សាន្តនៅក្នុងខេត្តតាកែវកាន់តែច្រើនឡើង អាជ្ញាធរខេត្តតាកែវបានបន្តអភិវឌ្ឍន៍ ជួសជុល បំពាក់ភ្លើងលម្អរ តាមផ្លូវក្នុងក្រុងដូនកែវ កែលម្អសួនច្បារ និងបន្តធ្វើការពង្រីកនូវទីធ្លាកម្សាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកធ្វើការលំហែកាយ ធ្វើលំហាត់ប្រាណ ហើយកន្លងមកថ្មីនេះអាជ្ញាធខេត្តទើបតែបានបំពាក់ ឧបករណ៍សម្រាប់ ក្មេងលេងនៅសួនច្បារមាត់បឹងតាកែវ ដែលវានឹងធ្វើឲ្យសួនច្បារមាត់បឹងតាកែវ កាន់តែស្រស់បំព្រងទ្វេរឡើងមួយកម្រិត ទៀត៕

ប្រភព៖ ក្រសួងមហាផ្ទៃ

administrator

Related Articles