TikTok ឯកសណ្ឋាននគរបាល៖ យុវជនយកឯកសណ្ឋានឪពុកមកពាក់ថតវីដេអូបង្ហោះ TikTok ត្រូវសមត្ថកិច្ចកោះហៅធ្វើកិច្ចសន្យា

TikTok ឯកសណ្ឋាននគរបាល៖ យុវជនយកឯកសណ្ឋានឪពុកមកពាក់ថតវីដេអូបង្ហោះ TikTok ត្រូវសមត្ថកិច្ចកោះហៅធ្វើកិច្ចសន្យា

(ខេត្តប៉ៃលិន)៖ តាមរយៈការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានកោះហៅ ម្ចាស់គណនី (Tik Tok) មួយ ដែលបង្ហោះវីដេអូឃ្លីបស្លៀកពាក់ជាឯកសណ្ឋានកងកម្លាំងនគរបាលជាតិ។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នេះដែរ បានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី Tik Tok ឈ្មោះ Nha Jaksloy ជាជនស៊ីវិលបានបង្ហោះវីឌីអូរឃ្លីបស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ ប្រើប្រាស់នូវកាយ វិការមិនសមរម្យដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។

ក្រោយពីបានឃើញនូវ Tik Tok ខាងលើនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានស្រាវជ្រាវរកឃើញ និងកោះហៅមកសាកសួរបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បុគ្គលនោះ មានឈ្មោះ ជា ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពិតជាបានបង្ហោះនូវវីឌីអូរឃ្លីបក្នុងគណនី Tik Tok របស់ខ្លួនពិតប្រាកដមែន ក្នុងគោលបំណងចង់ឲ្យមានអ្នកមើលច្រើន ។

ចំពោះបុគ្គលខាងលើបានសារភាពថាពិតជាបានយកឯកសណ្ឋាន នគរបាលរបស់ឪពុកខ្លួន ដែលជានគរបាលការពារព្រំដែន បានទុកនៅក្នុងផ្ទះយកមកពាក់រួចថតជាវីឌីអូរ បង្ហោះក្នុងគណនី Tik Tok របស់ខ្លួន ដោយពុំបានយល់ដឹងអំពីផ្លូវច្បាប់ និងការប៉ះពាល់ដល់កិត្តិយស របស់កងកម្លាំងនគរបាលជាតិ បន្ទាប់ពីបានដឹងថាខ្លួនខុស បុគ្គលខាងលើបានទៅកាត់សក់ឱ្យខ្លី ដើម្បី មិនចង់ឲ្យគេស្គាល់រូបខ្លួន ។

បន្ទាប់ពីបានធ្វើការសាកសួររួចបុគ្គលខាងលើបានធ្វើកិច្ចសន្យារាងចាល បញ្ឈប់ធ្វើសកម្មភាព ដែលប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាល និងសង្គមតទៅទៀត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

administrator

Related Articles